រាជធានីភ្នំពេញ ៖ លោកវរៈសេនីយ៍ទោ រ៉ឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ប្រតិបត្តិការតាមរូបភាពភ្លៀងរលឹម កាលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៦និង១០នាទីយប់ ដោយបានការអនុញ្ញាតាមរយៈទូរស័ព្ទពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យមន្ត្រីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន ចុះអនុវត្តវិធានញុះញង់បង្ក្រាបជាក់ស្តែងករណី ជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងនោះសមត្ថតកិច្ចបានធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កុត សារេង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ រត់តាក់ស៊ី ដកហូតវត្ថុតាង ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ថង់ធំល្មម រថយន្ដចំនួន១គ្រឿង និងទូរស័ព្ទដៃ២គ្រឿង ។
ជាបន្តដោយអនុវត្ដតាមវិធានការជំនាញ សមត្ថកិច្ចយើងបានចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ វ៉ន ឯម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ រើសអេតចាយ នៅចំណុចផ្លូវបេតុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដកហូតម៉ូតូចំនួន០១គ្រឿង ។ លុះនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ដោយអនុវត្តតាមវិធានការជំនាញ និងតាមចម្លើយសារភាពពីជនសង្ស័យឈ្មោះ វ៉ន ឯម មុខរបររើសអេតចាយ លោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំមន្ដ្រីនគរបាលជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀត ៖
មានម្នាក់ឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ឃាត់ខ្លួននៅចំណុចហាងកាត់សក់ ផ្ទះលេខE51 ផ្លូវបេតុង ក្រុមទី១ ភូមិព្រៃទារ១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ វេលាម៉ោង១៦ និង០០នាទី ដកហូតវត្ថុតាង ម៉ូតូចំនួន០១គ្រឿង និងទូរស័ព្ទដៃចំនួន០១គ្រឿង។
និងម្នាក់ឈ្មោះ ស៊ឹម សេរី ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនចិន ឃាត់ខ្លួននៅចំណុចមុខហាង ម៉ាស្សាCK ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ វេលាម៉ោង ១៧ និង៣០នាទី «ជាអ្នកចាំទទួលយកកេះវត្ថុតាង(គ្រឿងញៀន) ទៅវិញ» ពីឈ្មោះ កុត សារេង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ រត់តាក់ស៊ី និងដកហូតវត្ថុតាងម៉ូតូចំនួន០១គ្រឿង និងទូរស័ព្ទដៃចំនួន០១គ្រឿង និងបន្តទៅធ្វើការឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យឈ្មោះ ស៊ឹម សេរី នៅបន្ទប់ជួលលេខ B6 ភូមិព្រៃទារ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចយើងបានធ្វើការដកហូត ទូរស័ព្ទដៃចំនួន០២គ្រឿង និងសៀវភៅស្នាក់នៅ(ក២) ចំនួន១ក្បាល ក្រៅពីនេះសមត្ថកិច្ចមិនបានដកហូតអ្វីឡើយ លោកព្រះរាជអាជ្ញារង សម្រេចប្រគល់បន្ទប់ជួលខាងលើឱ្យម្ចាស់ផ្ទះជាអ្នកគ្រប់គ្រងបន្ត ។
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៤និង១០នាទីរសៀល ដោយអនុវត្តតាមវិធានការជំនាញ និងតាមចម្លើយសារភាពពីជនសង្ស័យឈ្មោះ ស៊ឹម សេរី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ហេង សុខឃីម ភេទស្រី អាយុ ៣៤ឆ្នាំ នៅចំណុចក្នុងចំការពោត ផ្លូវលំ ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្ដ កំពត និងធ្វើការដកហូតវត្ថុតាងរួមមាន ៖
១-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៥ កញ្ចប់ថង់ធំ ២-រថយន្ដចំនួន១ គ្រឿង ម៉ាកលុចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BB-7674 និងបន្ដធ្វើការឆែកឆេរផ្ទះរបស់ជនសង្ស័យឈ្មោះ ហេង សុខឃីម ភេទស្រី អាយុ ៣៤ឆ្នាំ ផ្ទះគ្មានលេខ ផ្លូវជាតិ លេខ៣ ភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្ដតាកែវ សមត្ថកិច្ចយើង បានធ្វើការដកហូតវត្ថុតាង ៖ ១-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កូនកញ្ចប់ថង់
២-ថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន ៣-វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ចំនួន១០ប័ណ្ណ (ប្លង់ដី) ។
ចំពោះទីតាំងផ្ទះគ្មានលេខ ផ្លូវជាតិ លេខ៣ ភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្ដតាកែវ ឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដតាកែវ សម្រេចប្រគល់ឲ្យអាជ្ញាធរមូលដ្ឋានជាអ្នកគ្រប់គ្រងបណ្ដោះអាសន្ន ។
ជាលទ្ធផលករណីបង្ក្រាបខាងលើនេះឃាត់ជនសង្ស័យសរុបចំនួន៥ នាក់មាន ៖ ១-ឈ្មោះ កុត សារេង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ រត់តាក់ស៊ី ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ២-ឈ្មោះ វ៉ន ឯម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅ ក្នុងឃ្លាំងអេតចាយ ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ៣-ឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទារ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
៤-ឈ្មោះ ស៊ឹម សេរី ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនចិន ស្នាក់នៅបន្ទប់ជួលលេខ B6 ភូមិព្រៃទារ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង៥-ឈ្មោះ ហេង សុខឃីម ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្នស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវជាតិ លេខ៣ ភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្ដតាកែវ ។
វត្ថុតាង សម្ភារៈដកហូតរួមមាន ៖
១-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៦កញ្ចបធំ និង០១កញ្ចប់តូច ទម្ងន់សរុប ៥៩៨,៤៨ក្រាម (ជិត៦ខាំ) ២-រថយន្ដចំនួន០១គ្រឿងម៉ាក សាំងយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BD-0499 ៣-រថយន្ដចំនួន០១គ្រឿងម៉ាក លុចស៊ីស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BB-7674 ៤-ម៉ូតូចំនួន០៣គ្រឿង ៥-ទូរស័ព្ទដៃចំនួន០៥គ្រឿង ៦-វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ចំនួន១០ប័ណ្ណ (ប្លង់ដី) ។
ក្រោយពេលចប់ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនសង្ស័យ និងវត្ថុងតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព