
រាជធានីភ្នំពេញ ៖ តារាតូចច្រឡឹង សំឡេងធ្ងន់បានបាត់មុខពីវិថីសិល្បៈ យ៉ុង ចាន់កណ្ណិកា កំពុងធ្វើអោយជីវិតប្រកបដោយភាពជោគជ័យ ក្រោយពុះពារជាមួយមុខរបរអនឡាញ។ ពេលនេះ ការនឿយហត់ទាំងយប់ទាំងថ្ងៃរបស់ យ៉ុង ចាន់កណ្ណិកា តបវិលមកវិញនៅភាព គាប់ប្រសើរ ដោយមានបន្សល់បានទីតាំងរកស៊ីយ៉ាងរឹងមាំ កាលីបលំដាប់យ៉ាងពិសេស។
យ៉ុង ចាន់កណ្ណិកា មុនទទួលបានផ្លែផ្កាល្អនៅលើមុខរបរសព្វថ្ងៃនេះ គឺនាង និងក្រុមគ្រួសារសាច់ញាតិ និងស្វាមីផងនោះ បានរួមសហការគ្នាតស៊ូណាស់។ ពេលខ្លះក៏មានឧបសគ្គជាមួយមុខរបរលក់អនឡាញ កាច់កុងគ្នា។ យ៉ាងណានាងបានក្លាយជាអ្នកជំនាញ ច្បាស់ការលើប្រភេទប្រើផលិតផលដែលមហាជនជឿទុកចិត្ត។
កណ្ណិកា ម្ចាស់បទ «វាចារស្រីឡង់សេ» ទើបតែបង្កើតហាងរកស៊ីថ្មីៗនេះ ហើយចុងក្រោយត្រៀមបើកហាងអ៊ុតសក់ លក្ខណៈសាឡន ដែលនាងចេះ តាំងពីនៅលីវ។ តារាមានកូន១ តែស្អាតជាងមុននេះ បើនិយាយពីសមត្ថភាពរកស៊ីវិញ គឺឆ្នើមមិនធម្មតា មិនចាញ់រៀមច្បងសិល្បៈមុនៗ ពូកែរកមុខរបរ ស្ទើរតែក្លាយជាសេដ្ឋីនីទៅហើយ។
ពិនិត្យនៅលើគ្រឿងប្រដាប់ដែលនាងចំណាយ គឺមានការប្រើប្រាស់សាច់ប្រាក់ច្រើនម៉ឺនដុល្លារ អាចនិយាយបានថា កណ្ណិកា ពិតជាចេះសន្សំទុកដាក់។ រហូតមកទល់ពេលនេះ យ៉ុង ចាន់កណ្ណិកា មិនទាន់មានពេលវេលាវិលមកសិល្បៈចម្រៀង ដែលតស៊ូតាំងពីកុមារវិញទេ។ ទំនងប្រហែលជាលាឈប់ទាំងស្រុង ក្រោយវិវត្តន៍ជាអ្នកលក់អនឡាញដ៏ជោគជ័យ។ ម្តងម្កាល នាងច្រៀងលេងជាមួយពេលលក់ផលិតផល ដោយទឹកដមសំឡេង នៅតែក្រអួនក្រអៅដដែល។ ដោយ៖ កោះសន្តិភាព