រាជធានីភ្នំពេញ ៖ តារាសម្ដែងស្រីដែលមានទម្រង់មុខស្រស់ស្អាតដូចកូនកាត់បរទេស និងមានអាជីពជាអ្នកបង្ហាញម៉ូត អ្នកនាង ឌុច លីដា បានធ្វើអោយមហាជនចង់ដឹងកាន់តែខ្លាំងអំពីអត្តសញ្ញាណស្វាមីរបស់នាងថា ជាបុរសសង្ហារូបណាព្រោះគិតមកដល់ពេលនេះ កូនរបស់នាង និងបុរសអាថ៌កំបាំងនោះបានចម្រើនវ័យ៧ខែទៅហើយ ។
កន្លងមកអ្នកនាង ឌុច លីដា បានធ្វើឲ្យមហាជន និងអ្នកសិល្បៈផងដែរភ្ញាក់ផ្អើលម្តងរួចមកហើយ ព្រោះក្រោយពីបាត់ខ្លួនពីសិល្បៈមួយរយៈស្រាប់តែនាងបង្កើតបានកូនមួយ ។ តែក្រោយមកស្នេហារបស់នាងជាមួយនឹងបុរសអ្នកក្រៅរង្វង់សិល្បៈរហូតមានកូនប្រុសមួយមុនរៀបការបែបនេះ ត្រូវបានតារាសម្តែងស្រីរូបនេះធ្លាប់បានប្រាប់មហាជនអោយបានដឹងកាលពីពេលថ្មីៗនេះ រូបនាងនឹងមិនលាក់បានយូរនោះទេ គ្រាន់តែស្វាមីរបស់នាងមិនទាន់ចង់ចេញមុខព្រោះមានការអៀនខ្មាសច្រើន ក្នុងការបង្ហាញមុខ និងគ្រាន់តែជាអ្នកធ្វើការមួយរូបទេ។
យ៉ាងណាមិញ មហាជនបានលើកឡើងថា នេះក៏គួរតែដល់ពេលហើយ ដែលឌុច លីដា គួរតែបង្ហើបឈ្មោះ និងការងាររបស់ស្វាមីនាង ពីព្រោះកូនរបស់នាងដែលមានឈ្មោះថា កិត្យាមុនី ហៅ London មានអាយុបាន ៧ខែមកហើយ ។
គួរបញ្ជាក់ផងដែរថា បើទោះបីជារូបនាងមិនបង្ហាញមុខស្វាមី ក៏អ្នកនាង ឌុច លីដា នៅតែមានភាពសប្បាយរីករាយ និងចំណាយពេលស្ទើរ២៤ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីថែទាំ និងថ្នាក់ថ្នមកូនជាទីស្រឡាញ់របស់អ្នកនាង ។ អ្នកនាង ឌុច លីដា គឺជាតារាសម្តែងស្រីដែលក្តោបបានឱកាសការងារសិល្បៈជាច្រើនហើយនាងបានល្បីល្បាញខ្លាំងនៅក្នុងរឿង «ស្បែកគង់» ផងដែរ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព