កម្ពុជានាំចេញផ្លែចេកស្រស់កើនដល់ជាង១៤ម៉ឺនតោនក្នុងនោះទីផ្សារចិនមានតម្រូវការច្រើនជាងគេ
រាជធានីភ្នំពេញ ៖ ការនាំចេញផ្លែចេកស្រស់នៅប៉ុន្មានខែដើម ឆ្នាំ២០២០បង្ហាញសញ្ញាកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះទីផ្សារចិនមានតម្រូវការជាងគេ ពោលមានរហូតដល់ជាង៩ម៉ឺនតោននៃបរិមាណនាំចេញសរុបជាង១៤ម៉ឺនតោន ។
យោងតាមមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ផ្លែចេកស្រស់នាំចេញក្នុងរយៈពេល៦ខែ ឆ្នាំ២០២០ មានចំនួន 140,566 តោន ក្នុងនោះប្រទេសចិនមានចំនួន 94,187 តោន, ប្រទេសវៀតណាមមានចំនួន45,772 តោន និងប្រទេសជប៉ុនមានចំនួន 606តោន ។
បើតាមមន្ត្រីជំនាញខាងស្ថិតិរូបនេះបញ្ជាក់ថា «ផ្លែចេកស្រស់ចាប់ផ្តើមនាំចេញទៅកាន់ប្រទេសចិនលើកដំបូងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩» ។ ទាក់ទង និងនាំចេញនិងការដាំដុះផ្លែចេកស្រស់នេះ នៅពេលបច្ចុប្បន្នកម្ពុជាកំពុងជំរុញការដាំដុះបន្ថែមទៀត ព្រោះទីផ្សារចិនមានតម្រូវការរហូតដល់៨លានតោនក្នុងមួយឆ្នាំ ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា« ការនាំចេញផ្លែចេកកើនឡើង១៤០ពាន់តោន ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០ ហើយយើងកំពុងជំរុញការដាំដុះផ្លែចេកនេះ ព្រោះនៅប្រទេសចិនគេត្រូវការផ្លែចេក៨លានតោនក្នុងមួយឆ្នាំ ។
បើសិនយើងមើលពីលទ្ធភាពនៅការដាំចេករបស់យើងនាពេលខាងមុខអាចពង្រីកដល់៤០០ពាន់ហិកតា ឬកន្លះលានហិកតា ដែលអាចស្រូបយកកម្មករ១លាននាក់ ។ បើសិនយើងសម្រេចបានតាមគោលបំណងនេះយើងឃើញថា កម្មកររបស់យើងនាពេលបច្ចុប្បន្ននេះដែលខ្វះការងារធ្វើនេះ គឺអាចមានការងារធ្វើបាន»។
លោករដ្ឋមន្ត្រីសង្កតធ្ងន់ថា «នេះជាឱកាសសម្រាប់កម្ពុជា ប៉ុន្តែសំខាន់អ្នកវិនិយោគទុនរបស់កម្ពុជានៅមានកម្រិត។បើការដាំចេញបានចេញច្រើន អាចផ្តល់ការងារដល់កម្មករពេញមួយឆ្នាំ ហើយបើយើងបង្កើតឱកាសនេះបាន នោះយើងមិនរំពឹងទៅលើអ្នកណាដាក់ទន្ទកម្មចំពោះយើងឬកាត់បន្ថយការនាំចូលកម្រិតណានោះទេ យើងមានលទ្ធជួយទៅដល់កម្មករដែលស្រែងរកការងារធ្វើ»។
បើតាមលោករដ្ឋមន្ត្រីក្រសួងកសិកម្ម នេះជាចំណុចពិសេសដែលក្រសួងបាននិងកំពុងគិតគូរនិងជំរុញការដាំដុះសម្រាប់ដំណាំយុទ្ធសាស្ត្រក្នុងនាំចេញរបស់កម្ពុជានាពេលខាងមុខ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព