ចិន ជាទីផ្សារនាំចេញផ្លែចេកកម្ពុជា ធំបំផុត ដោយមានតម្រូវការដល់ ៨លានតោនក្នុងមួយឆ្នាំ
ភ្នំពេញ៖ ត្រឹមប៉ុន្មានខែដើម ឆ្នាំ២០២០ ការនាំផ្លែចេកស្រស់ពីកម្ពុជា ចេញទៅទីផ្សារក្រៅប្រទេស កំពុងមានសន្ទុះយ៉ាងខ្លាំង ក្នុងនោះប្រទេសចិន ជាទីផ្សារមានតម្រូវការច្រើនជាងគេ ដោយមកទល់នឹងពេលនេះ កម្ពុជា បាននាំចេញចេកសរុប ៩ម៉ឺនតោន ទៅកាន់ប្រទេសចិនរួចទៅហើយ ខណៈ ៥ម៉ឺនតោនផ្សេងទៀត បាននាំចេញទៅកាន់បណ្តាប្រទេសផ្សេងទៀតជុំវិញពិភពលោក។
យោងតាមមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្លែចេកស្រស់នាំចេញក្នុងរយៈពេល ៦ខែ ឆ្នាំ២០២០ មានចំនួន ១៤០ ៥៦៦តោន ក្នុងនោះនាំទៅប្រទេសចិន មានចំនួន ៩៤ ១៨៧ តោន ប្រទេសវៀតណាម ៤៥ ៧៧២តោន និងប្រទេសជប៉ុន ៦០៦តោន។
«ផ្លែចេកស្រស់ចាប់ផ្តើមនាំចេញទៅកាន់ប្រទេសចិនលើកដំបូង នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩»។ ទាក់ទង និងនាំចេញនិងការដាំដុះផ្លែចេកស្រស់នេះ នៅពេលបច្ចុប្បន្ន កម្ពុជាកំពុងជំរុញការដាំដុះបន្ថែមទៀត ព្រោះទីផ្សារចិន មានតម្រូវការរហូតដល់ ៨ លានតោន/ឆ្នាំ ។ នេះបើតាមការអះអាងពីសំណាក់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកថា “បើសិនយើងមើលពីលទ្ធភាពនៃការដាំចេករបស់យើងនាពេលខាងមុខ គឺអាចពង្រីកដល់ ៤-៥ សែនហិកតា ដែលផ្តល់ការងារដល់កម្មករប្រមាណ មួយលាននាក់ ។ បើសិនយើងសម្រេចបានតាមគោលដៅនេះយើង ឃើញថាកម្មកររបស់យើងនាពេលបច្ចុប្បន្ននេះដែលខ្វះការងារធ្វើ គឺអាចមានការងារធ្វើគ្រប់គ្រាន់»។
លោករដ្ឋមន្ត្រីសង្កតធ្ងន់ថា «នេះជាឱកាសសម្រាប់កម្ពុជា ប៉ុន្តែសំខាន់អ្នកវិនិយោគទុនរបស់កម្ពុជា នៅមានកម្រិត។ បើការដាំចេញបានចេញច្រើន អាចផ្តល់ការងារដល់កម្មករពេញមួយឆ្នាំ ហើយបើយើងបង្កើតឱកាសនេះបាន នោះយើងមិនរំពឹងទៅលើអ្នកណាដាក់ទណ្ឌកម្មចំពោះយើង ឬកាត់បន្ថយការនាំចូលកម្រិតណានោះទេ យើងមានលទ្ធភាពជួយទៅដល់កម្មករដែលស្វែងរកការងារធ្វើ»។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម នេះជាចំណុចពិសេសដែលក្រសួងកំពុងគិតគូរ និងជំរុញការដាំដុះសម្រាប់ដំណាំយុទ្ធសាស្ត្រ ក្នុងនាំចេញរបស់កម្ពុជានាពេលខាងមុខ៕ ដោយ៖ ត្នោត