ពលរដ្ឋខ្មែរ លួចចូលកាប់ឈើប្រណិតក្នុងទឹកដីថៃ ចំនួន ៣នាក់ អាជ្ញាធរថៃដោះលែឱ្យមានសេរីភាពឡើងវិញ
ឧត្តរមានជ័យ៖ ពលរដ្ឋខ្មែរចំនួន ៣នាក់ ដែលត្រូវអាជ្ញាធរថៃចាប់ខ្លួនពីបទលួចចូលកាប់ឈើប្រណិត (គ្រញូង) ត្រូវបានក្រុមអាជ្ញាធរថៃដោះលេងឱ្យមានសេរីភាពឡើងវិញ និងបញ្ជូនខ្លួនយកមកប្រគល់ មកកាន់អាជ្ញាធរកម្ពុជា តាមមាត់ច្រកទ្វារអន្តរជាតិជាំ កាលពីវេលាម៉ោង២រសៀលថ្ងៃទី ១៥ កក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់ វែង ខេត្តឧត្តរមានជ័យ។
ពលរដ្ឋខ្មែរចំនួន ៣នាក់ខាងលើ រួមមាន ១-ឈ្មោះ ស៊ឺម ហឿន ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិត្រពាំង ៣ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ, ២-ឈ្មោះ ចេន នីន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និង ៣-ឈ្មោះ រុណ ឡូត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិចាត់តាំង ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយទាំង ៣នាក់ ត្រូវក្រុមទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី ៦ វិច្ឆិកា ឆ្នាំ២០១៨ ដោយចោទប្រកាន់ពីបទកាប់ឈើគ្រញួងក្នុងទឹកដីថៃ និងបានជាប់ពន្ធនាគារនៅខេត្តអ៊ូប៊ុន ប្រទេសថៃ។
មន្ត្រីកម្ពុជាបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំ បានឱ្យដឹងថា ពលរដ្ឋខ្មែរទាំង ៣នាក់ បានទទួលពីក្រុមអាជ្ញាធរថៃនោះ សមត្ថកិច្ចបានធ្វើការអប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើដំណើរឆ្លងដែនដោយខុសច្បាប់ជាបន្តទៀត និងអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានវិញហើយដែរ៕ ដោយ៖ ត្នោត