សិស្សាថ្នាក់ទី៩ ដល់ទី១២ អាចចូលទៅរៀនក្នុង APP «ការអប់រំពីចម្ងាយ» លើទូរស័ព្ទដៃរបស់ខ្លួន
រាជធានីភ្នំពេញ ៖ បោះជំហានមួយទៀត ក្នុងការជំរុញការសិក្សាពីចម្ងាយ ឬហៅថា E-Learning ដែលកំពុងអនុវត្តអំឡុងពេលជំងឺកូវីដ១៩នេះ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បង្កើត APP មួយឈ្មោះថា «សិក្សាពីចម្ងាយ» ។
នៅពេលខាងមុខឆាប់ៗនេះសិស្សានុសិស្សអាចរៀន អាចទាញមេរៀន ជាវីដេអូចេញពីទូរស័ព្ទដៃរបស់ខ្លួនបាន ។ ប៉ុន្តែ APP នេះមានមេរៀនសម្រាប់សិស្សានុសិស្សពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ប៉ុណ្ណោះ ។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានលើកឡើងថា ដើម្បីឲ្យមានសេដ្ឋកិច្ចបែបឌីជីថលលុះត្រាតែមានការអប់រំបែបឌីជីថល ។ កម្ពុជាអាចប្រែក្លាយវិបត្តិកូវីដ១៩ ទៅជាកាលនុវត្តភាពក្នុងការបង្កើតការអប់រំឌីជីថល ដើម្បីរក្សាគុណភាព សមធម៌ បរិយាប័ន្ន និងការអប់រំពេញមួយជីវិតជូនដល់សិស្សានុសិស្ស ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «យើងបានដើរលឿន១០ឆ្នាំទៅមុខនៅក្នុងការអនុវត្តការអប់រំឌីជីថលក្នុងវិស័យអប់រំនៅកម្ពុជា ការអប់រំឌីជីថលក្នុងបរិបទឧស្សាហកម្ម ៤.០ មានសារសំខាន់សម្រាប់កម្ពុជា ក្នុងការបោះជំហានឲ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថលព្រោះផ្នែកទាំងអស់នេះត្រូវការអ្នកជំនាញជាច្រើន ដើម្បីបំពេញការងារ និងគ្រប់គ្រងប្រព័ន្ធឆ្លាតវៃទាំងអស់»។
ក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ថា នៅក្នុង APP «សិក្សាពីចម្ងាយ» នឹងផ្តល់មាតិការឌីជី ថលដែលមានភាពងាយស្រួលបំផុត ក្នុងទម្រង់ជាវីដេអូនៃការបង្រៀន ដែលរៀបចំទៅតាមថ្នាក់ ពីថ្នាក់ទី៩ដល់ថ្នាក់ទី១២ និងមុខវិជ្ជា ដោយសិស្សានុសិស្សគ្រាន់តែបំពេញព័ត៌មាននូវឈ្មោះខេត្ត សាលារៀន និងកម្រិតថ្នាក់រៀន ។
ផ្តល់លទ្ធភាពដល់សិស្សានុសិស្ស អ្នកប្រើប្រាស់ អាចថតចម្លង ឬ download វីដេអូនៃការបង្រៀននោះមករក្សាទុកក្នុងទូរស័ព្ទដៃរបស់ខ្លួនដោយល្បឿនលឿនចេញពីមជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេស ហើយដើម្បីបើកមើលបានគ្រប់ពេល។ ចូលរួមសហការពីសំណាក់ប្រតិបត្តិករទូរស័ព្ទដៃ និងក្រុមហ៊ុនសេវា អីុនធឺណែត ដែលផ្តល់ជូនសិស្សានុសិស្ស នូវការលើកលែងថ្លៃសេវា ឬកញ្ចប់ពិសេសណាមួយសម្រាប់ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃនេះ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព