អេស្ប៉ាញ ៖ អ្នកទេសចរជនជាតិអង់គ្លេសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់បានចោទប្រកាន់ថា បានក្អកដាក់មនុស្សក្នុងភោជនីយដ្ឋាន Majorman ក្នុងទីក្រុង Palma ពេលពិសារអាហារពេលល្ងាច ហើយបានប្រាប់ពួកគេថា គាត់មានផ្ទុកវីរុសកូរ៉ូណា។ នេះបើយោងតាមប្រភពព័ត៌មានពី Metro បានឱ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០ ។
បុរសមិនបញ្ចេញឈ្មោះ អាយុ៤៣ឆ្នាំរូបនេះ បានប្រឆាំងនឹងការចាប់ខ្លួននៅពេលដែលប៉ូលិសបានស្ទាក់ចាប់គាត់ បន្ទាប់ពីត្រូវបានអ្នកនៅទីនោះរាយការណ៍។ គាត់មិនបានពាក់ម៉ាសទេ ហើយត្រូវបានគេនិយាយថា បានស្រវឹងនៅពេលចាប់ខ្លួន។
ទន្ទឹមនឹងការដើរនៅចន្លោះតុជាច្រើន នៅតាមរង្គសាល និងភោជនីយដ្ឋានជាច្រើន និងការក្អកដោយចេតនាដល់អតិថិជន គាត់ក៏ត្រូវបានគេនិយាយថា បានក្អកដាក់ម្ចាស់ហាងថែមទៀតផង នៅពេលដែលមកព្រមាន។
អ្នកនាំពាក្យប៉ូលិស បានបញ្ជាក់នៅព្រឹកនេះថា ៖ «បុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃច័ន្ទ»។
ថ្វីបើបុរសនេះអះអាងថា ខ្លួនមានជំងឺកូវីដ១៩ ក៏ដោយ ការធ្វើតេស្តបង្ហាញមកថា គាត់មិនមានជំងឺនេះទេ។ គាត់ត្រូវបានឃុំខ្លួនពីបទប្រឆាំងនឹងការចាប់ខ្លួន ប៉ុន្តែគាត់នឹងប្រឈមមុខការចោទ ប្រកាន់បន្ថែមទៀត ប្រសិនបើគាត់បានធ្វើតេស្តវិជ្ជមាននៅពេលខាងមុខ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព