នេប៉ាល់៖ ក្លិនស្អុយកំពុងភាយលើអាកាសពេលព្រឹកព្រលឹម នៅពេលអ្នកស្រាវជ្រាវប្រមូលគម្រូទឹកសម្អុយ ដែលបានបង្ហូរចោលទៅក្នុងទឹកទន្លេ ក្នុងប្រទេសនេប៉ាល់ ដែលជាវិធីសន្សំសំចៃក្នុងការតាមដានជម្ងឹកូវីដរីករាលដាលសម្រាប់ប្រទេសហិម៉ាឡៃយ៉ា ដែលមានធនធានមិនសូវសម្បូរ។
ដោយសារចំនួនករណីនៅតែបន្តកើនឡើងនៅទូទាំងពិភពលោក បណ្តាប្រទេសជាច្រើនកំពុងវិភាគទឹកលូ សម្រាប់ការតាមដាននៃជម្ងឺឆ្លង ដើម្បីកំណត់ឱ្យបានឆាប់រហ័សនូវសហគមន៍ណាមួយដែលកំពុងមានការផ្ទុះឡើង។
សម្រាប់ប្រទេសនេប៉ាល់ ដែលក្រីក្រ នៅតែបន្តងើបឡើងពីការរញ្ជួយដីដ៏ធំមួយនៅឆ្នាំ ២០១៥ និង សេដ្ឋកិច្ចរបស់ប្រទេសនេះរងផលប៉ះពាល់ពីការរីករាលដាលនៃជម្ងឺរាតត្បាតមកលើវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន ការធ្វើតេស្តទឹកលូ អាចក្លាយជាវិធី ដែលមានតំលៃសមរម្យក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស។
លោក Dibesh Karmacharya ដែលជាសហស្ថាបនិកមជ្ឈមណ្ឌលម៉ូលេគុលឌីណាមិក ដែលជាអង្គការមិនមែនរដ្ឋាភិបាលដែលដឹកនាំការស្រាវជ្រាវ បានមានប្រសាសន៍ថា «នៅពេលដែលអ្នកមានកម្រិតធនធានដែលមានសម្រាប់ការធ្វើតេស្តនិងការពិនិត្យនេះ គឺជាមធ្យោបាយលឿននិងងាយស្រួល និងជាវិធីដែលមានតម្លៃថោកជាងក្នុងការស្វែងរកចំណុចក្តៅ។ បន្ទាប់មកអ្នកអាចទៅហើយធ្វើការពិនិត្យយ៉ាងទូលំទូលាយនៅទីនោះ» ។
អ្នកតំណាងអង្គការសុខភាពពិភពលោកនេប៉ាល់ លោក Jos Vandelaer បានពិពណ៌នាថា វាជាប្រព័ន្ធពិនិត្យឱ្យដឹងលឿន។ គាត់បាននិយាយថា នៅក្នុងប្រទេសដទៃទៀតដែលការធ្វើតេស្តត្រូវបានធ្វើរួច គម្រូវិជ្ជមានត្រូវបានគេរកឃើញពី ៣ ទៅ ៧ ថ្ងៃមុនពេលរោគសញ្ញានៃជម្ងឹកូវីដ ត្រូវបានគេមើលឃើញ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព