អង់គ្លេស ៖ ក្របខណ្ឌ Premier League បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី ១០ ខែ កញ្ញា អំពីកីឡាករ និងមន្ត្រីនៃការប្រកួតទាំងអស់នឹងត្រូវពាក់ពាក្យស្លោកថ្មីសម្រាប់រដូវកាល ២០២០-២១។
«No Room For Racism» ជាពាក្យស្លោកថ្មីមួយទៀត ដែលមានន័យជាភាសាខ្មែរថា «គ្មានបន្ទប់ ឬ កន្លែងសម្រាប់ការប្រកាន់ពូជសាសន៍» ដែលមាននៅលើដៃអាវរបស់កីឡាករ រួមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ពេញមួយរដូវកាល ២០២០-២១ ដោយជំនួសឡូហ្គោចាស់ «Black Lives Matter»។
«Black Lives Matter» ត្រូវបានប្រើប្រាស់នៅពេលបាល់ទាត់ក្នុងប្រទេសអង់គ្លេសចាប់ផ្តើមឡើងវិញ ក្រោយផ្អាកដោយសារការផ្ទុះឡើងនៃវីរុសកូវីដ១៩ កាលពីរដូវកាលមុន។ ពោលគឺក្រោយការបាត់បង់ជីវិតរបស់បុរសស្បែកខ្មៅ George Floyd កាលពីថ្ងៃទី ២៥ ខែ ឧសភា បន្ទាប់ពីមន្ត្រីប៉ូលីសស្បែកសម្នាក់ក្នុងទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក បានព្យាយាមយកជង្គង់សង្កត់ករហូតដាច់ខ្យល់ស្លាប់ ដែលត្រូវបានពិភពលោកមើលឃើញថា ជាភាពអយុត្តិធម៌ពូជសាសន៍។
សូមបញ្ជាក់ថា រដូវកាលថ្មីនៃក្របខណ្ឌ Premier League នឹងចាប់ផ្តើមពីថ្ងៃសៅរ៍ ទី ១២ ខែ កញ្ញា នេះតទៅ ដោយតាមការបញ្ជាក់ពីក្របខណ្ឌកំពូលអង់គ្លេសមួយនេះ បានឲ្យដឹងថា ការប្រកួតទាំងអស់នៅក្នុងខែ កញ្ញា នឹងត្រូវលេងដោយគ្មានវត្តមានអ្នកគាំទ្រទស្សនាផ្ទាល់៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព