សហរដ្ឋអាមេរិក៖ ក្មេងប្រុសម្នាក់ហ៊ានប្តូរជីវិតខ្លួនចូលទៅជួយប្អូនស្រី ចេញពីចង្កូមឆ្កែ។ តាមការផ្សាយរបស់ dailymail នៅថ្ងៃទី១៥ កក្កដា ២០២០នេះ ក្មេងប្រុសនោះមានអាយុ៦ឆ្នាំម្នាក់ រស់នៅទីក្រុង Cheyenne ក្នុងរដ្ឋវ៉ាយអូមីង សហរដ្ឋអាមេរិក។
ក្មេងប្រុសមានឈ្មោះ Bridger Walker បានធ្វើសកម្មភាពយ៉ាងក្លាហាន នៅពេលដែលឆ្កែចាប់ផ្តើមដេញប្អូនស្រី កាលពីថ្ងៃទី៩ ខែកក្កដា ។ ដោយក្មេងប្រុសតូចរូបនេះ ត្រូវបានឆ្កែខាំសុះសាច់ជាច្រើនកន្លែង នៅលើថ្ពាល់ និងមុខ នៅពេលដែលរូបគេប្រឈមមុខជាមួយនឹងឆ្កែនោះ ។
ក្មេងប្រុសក្លាហាន ព្យាយាមចាប់ដៃប្អូនស្រី រត់គេចចេញពីគ្រោះថ្នាក់បានយ៉ាងជោគជ័យ ប៉ុន្តែការវាយប្រហារពីឆ្កែ បានធ្វើឱ្យក្មេងប្រុសនេះ រងរបួសជាច្រើនកន្លែង ដែលធ្ងន់ធ្ងរជាងគេនៅលើមុខ ត្រូវដេរ ៩០ថ្នេរ ផងដែរ។
Bridger បាននិយាយថា រូបគេសុខចិត្តលះបង់ជីវិតផ្ទាល់ខ្លួន ដើម្បីជួយសង្គ្រោះប្អូនស្រី ។ Bridger និយាយថា “ប្រសិនបើមាននរណាម្នាក់ត្រូវស្លាប់ ខ្ញុំគិតថា វាគួរតែជាខ្ញុំ” នេះបើយោងតាមសារបង្ហោះលើបណ្តាញសង្គម Instagram នារីម្នាក់ត្រូវជាមីងរបស់ក្មេងក្លាហានរូបនេះ ។
ភាពអង់អាចរបស់ក្មេងប្រុសនេះ ទទួលការចាប់អារម្មណ៍ និងល្បីល្បាញយ៉ាងខ្លាំង រហូតដល់តារាហូលីវូដ Anne Hathaway និងលោក Mark Ruffalo តួអង្គ Hulk ក៏បានចេញមុខកោតសរសើរ ចំពោះក្មេងប្រុសរូបនេះផងដែរ ដោយហៅ Bridger Walker ថា ‘វីរបុរស’ ៕ ត្នោត