
សុភ័ក្រ កុសុម៉ា និងតារាចម្រៀងល្បីៗជាច្រើនរូប រួមគ្នាធ្វើការប្រគំតន្រ្តីសប្បុរសធម៌មួយ ស្វែងរកមូលនិធិជួយដល់គ្រួសារក្រីក្រ
«គម្រោងចិត្តតែមួយ» គឺជាកម្មវិធីសប្បុរសធម៌មួយដែលធ្វើឡើងដើម្បីស្វែងរកមូលនិធិជួយទៅដល់សហគមន៍ក្រីក្រចំនួន 200 គ្រួសារ នៅខណ្ឌឬស្សីកែវ។ ក្នុងការស្វែងរកមូលនិធិនេះ ក្រុមការងារ «គម្រោងចិត្តតែមួយ» នឹងរួបរួមគ្នាធ្វើការប្រគំតន្ត្រី ដែលមានការចូលរួមពីពិធីករ ពិធីការនីនិងតារាចម្រៀងល្បីៗជាច្រើនរូបដែលមានដូចជា កញ្ញា សុភ័ក្រ កុសុម៉ា ,លោក ម៉ា ច័ន្ទបញ្ញា ,លោក Por Xeang ,កញ្ញា Ela la ,កញ្ញា លីន សោម៉ា(គ្រុឌកាកី) ,លោក Ting Tong ,កញ្ញា សុភា ចំរើន ,ក្រុម SUFFER ,ក្រុម RIZER ព្រមទាំង Influencers និង Youtuber ល្បីៗជាច្រើនរូបទៀត។
កម្មវិធីប្រគំតន្រ្តីសប្បុរសធម៌មួយនេះមានការផ្សាយផ្ទាល់រយៈពេល ២ ម៉ោង ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៨ ខែកក្កដា ២០២០ ចាប់ពីម៉ោង ៦:៣០ នាទីល្ងាចដល់ម៉ោង ៨:៣០ នាទីយប់ មានទីតាំងនៅ Phnom Penh Factory ព្រមទាំងមានផ្សាយផ្ទាល់លើផេកហ្វេសប៊ុកផ្លូវការ ទាំងអស់របស់ដៃគូសហការណ៍និង ផេកសិល្បករសិល្បការនីដែលមានវត្តមានចូលរួម។ នៅក្នុងកម្មវិធីសប្បុរសធម៌នេះក៏មានការចូលរួមគាំទ្រពី TNAOT APP ផងដែរ។
ចំពោះថវិកាដែលទទួលបានពីកម្មវិធីទាំងមូល នឹងធ្វើការបរិច្ចាគទៅជួយទៅដល់សហគមន៍ក្រីក្រចំនួន ២០០គ្រួសារ នៅខណ្ឌឬស្សីកែវ ដែលកំពុងជួបការលំបាក កំឡុងពេលមានវិបត្តិជំងឺ Covid-19 រាតត្បាត៕