ប្រទេសអ៊ីរ៉ង់ ៖ នៅសុខៗនាវាអ៊ីរ៉ង់យ៉ាងតិច៧គ្រឿង ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមិនដឹងមូលហេតុនៅ លើទីតាំងរសើបរបស់ខ្លួន កាលពីម្សិលមិញ។ ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ TASNIM បានរាយការណ៍ថា នាវាយ៉ាងតិច៧គ្រឿង ត្រូវភ្លើងឆាបឆេះ ក្នុងកំពង់ផែ BUSHEHR នាភាគខាងត្បូងប្រទេស។
ប្រភពដដែលបញ្ជាក់ថា ក្នុងអគ្គីភ័យនោះ ពុំបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ឡើយ។ រូបភាពនានាដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA គេអាចឃើញ ផ្សែងខ្មៅហុយចេញយ៉ាងខ្មួលខ្មាញ់ ចំណែកបណ្ដារូបភាពចេញផ្សាយដោយទូរទស្សន៍រដ្ឋ TRIB បង្ហាញពួកអ្នកពន្លត់ភ្លើងកំពុងតែតតាំងជាមួយភ្លើង។
ការផ្ទុះឆេះជាច្រើននៅក្បែរទីតាំងយោធានិងនុយក្លេអ៊ែរ ឬឧស្សាហកម្មអ៊ីរ៉ង់ត្រូវបានរាយការណ៍ ចាប់តាំងពីដំណាច់ខែមិថុនាមក ក្នុងនោះការផ្ទុះឆេះមួយនៅទីតាំងនុយក្លេអ៊ែរ NATANZ ត្រូវបានអះអាងកាលពីថ្ងៃទី២កក្កដា។ ទីតាំងចម្រាញ់អ៊ុយរ៉ានីញ៉ូមនោះ សង្ស័យក្នុងគ្រាមួយមានកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ តែត្រូវបញ្ឈប់កាលពីឆ្នាំ២០០៣។ ក្រុងតេហេរ៉ង់ អះអាងថា ទីតាំងនោះពុំមានគម្រោងនុយក្លេអ៊ែរណាមួយឡើយ។
ភ្នាក់ងារសន្តិសុខអ៊ីរ៉ង់ថ្លែងនាថ្ងៃទី៣ ខែកក្កដាថា មូលហេតុនៃអគ្គីភ័យនៅ NATANZ នោះ ដែលមានទំហំ១០ហិកតា ហើយទីតាំងមួយចំនួនស្ថិតនៅដល់៨ម៉ែត្រក្រោមដី ត្រូវបានកំណត់ និងដឹងថា ខ្លួននឹងលាតត្រដាងនាពេលក្រោយ។ អ្នកទទួលខុសត្រូវអ៊ីរ៉ង់មួយចំនួននិយាយថា វាអាចជាផ្លែផ្កានៃការលួចខាងព័ត៌មានវិទ្យា ហើយអ្នកទទួលខុសត្រូវម្នាក់ បានព្រមានថា ក្រុងតេហេរ៉ង់ នឹងតបតវិញ ប្រឆាំងបណ្ដាប្រទេសដែលធ្វើការវាយប្រហារបែបនោះ៕ ត្នោត