មកដឹងតិចមើល! តម្លៃជួលនាវាដ៏ប្រណីតរបស់ប្តីប្រពន្ធ Beyoncé-Jay Z អំឡុងដំណើរកម្សាន្តទៅកាន់ក្រូអាត
ក្រូអាត ៖ ប្តីប្រពន្ធដ៏មានប្រជាប្រិយភាពបំផុតគឺនាង Beyoncé និងលោក Jay Z ត្រូវបានប្រទះឃើញកំពុងធ្វើដំណើរកម្សាន្តនៅលើសមុទ្រមេឌីទែរ៉ាណេ ជាមួយនាវាដ៏ប្រណីតបំផុតមួយកាលពីថ្មីៗនេះ។
កំពូលតារាចម្រៀងទាំង ២នាក់ខាងលើ ដែលមានទ្រព្យសម្បត្តិបូកបញ្ចូលគ្នា ត្រូវបានគេប៉ាន់ស្មានថាមានចំនួនសរុប ១,៤ពាន់លានដុល្លារ បានប្រារព្ធពិធីខួបកំណើតគម្រប់ ៣៩ឆ្នាំ របស់ Beyoncé នៅលើកំពូលនាវាដ៏ប្រណិតរួមជាមួយកូនៗទាំង ៣ របស់ពួកគេគឺកូនស្រី Blue Ivy អាយុ ៨ឆ្នាំ និងកូនភ្លោះស្រី-ប្រុស Rumi និង Sir Carter ដែលមានអាយុ ៣ឆ្នាំ។
ប្តីប្រពន្ធមួយគូនេះ ត្រូវបានគេប្រទះឃើញធ្វើដំណើរកម្សាន្តនៅឯឆ្នេរ Cavtat ក្នុងប្រទេសក្រូអាត។ រួមនឹងភាពភ្ញាក់ផ្អើលជាមួយវត្តមាននាវាប្រណិត ដែលមានបណ្តោយប្រវែង ១០៧ម៉ែត្រ និងទទឹង ១៤ម៉ែត្រ ដែលត្រូវបានគេស្គាល់ឈ្មោះថា Lana ដោយពួកគេបានជួលក្នុងតម្លៃ ២លានដុល្លារក្នុងមួយសប្តាហ៍។
Lana គឺជានាវាប្រណិតដ៏ធំបំផុតមួយ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអ៊ីតាលី Shipyard។ Lana ក៏ជាប់ជាកំពូលនាវាកម្សាន្តប្រណិត និងទំនើបបំផុតមួយ ដែលបានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់។
នាវានេះ មានបន្ទប់គេងធំៗចំនួន ៨ ជាមួយគ្រឿងបរិក្ខារតម្លៃថ្លៃ និងទំនើបៗជាច្រើន។ ហើយវាក៏មានកន្លែងកម្សាន្តជាច្រើនផងដែរ សម្រាប់ផ្តល់ជូនភ្ញៀវលំដាប់ VIP អំឡុងពេលនៃស្នាក់នៅរបស់ពួកគេ។ មានទាំងបន្ទប់ស្ប៉ាដ៏ប្រណីត, បន្ទប់ព្យាបាល, បន្ទប់សម្រាក និងកន្លែងហាត់ប្រាណ ដែលមានបំពាក់ឧបករណ៍គ្រប់ប្រភេទ រួមទាំងគ្រូបង្វឹកជំនាញផងដែរ។
បន្ថែមពីលើនេះ Lana ក៏មានបន្ទប់រោងកុន ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ គឺអាងហែលទឹកផ្នែកខាងលើ ដើម្បីឲ្យអ្នកកម្សាន្តរីករាយជាមួយពន្លឺថ្ងៃ។ បូករួមជាមួយគ្រឿងបរិក្ខារទំនើបៗ និងប្រព័ន្ធការពារសុវត្ថិភាពជាច្រើនផ្សេងទៀត ដែលមាននៅក្នុងនាវាមួយនេះ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព