Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខេត្តបាត់ដំបងនឹងធ្វើជាម្ចាស់ផ្ទះ ក្នុងពិធីបុណ្យទន្លេលើកទី៦

អាជ្ញាធរខេត្តបាត់ដំបង បានចាប់ផ្តើមបំផុតចលនា ឱ្យអ្នកពាក់ព័ន្ធ មានការចូលរួមសម្អាតបរិស្ថាន ដើម្បីលើកកម្ពស់ ការធ្វើអនាម័យសោភណ្ឌភាពទីក្រុងផង និងការត្រៀមរៀបចំបុណ្យទន្លេលើកទី៦ ក្នុងក្រុងបាត់ដំបងផង។

ជាមួយគ្នានេះ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាល​ខេត្តបាត់ដំបង បានដឹកនាំកម្លាំង ក្នុងការចូលរួមពិធីសម្អាតបរិស្ថាន ដើម្បីលើកកម្ពស់វិស័យ​បរិស្ថានក្នុងក្រុងបាត់ដំបង ទៅតាមគោលដៅរៀងៗខ្លួន ដែលត្រូវបានកំណត់។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជម្រុញឱ្យបន្តសកម្មភាពសម្អាតបរិស្ថានឡើងវិញ ខណៈមានការខកខានអស់រយៈពេលជាង៥ខែកន្លងមកហើយ។ “​​យើងប្រារព្ធពិធីសម្អាតបរិស្ថាននេះ គឺដើម្បីចូលរួមអបអរសាទរពិធីបុណ្យទន្លេលើកទី៦ ដែលធ្វើ​ឡើងដំបូងគេ សម្រាប់ទីរួមខេត្តបាត់ដំបងផ្ទាល់ ដើម្បីរក្សាអនាម័យស្អាតល្អ ត្រៀមទទួលភ្ញៀវទេសចរណ៍ ដែលមកលេងសម្រាប់កម្មវិធីបុណ្យទន្លេនេះ។

សម្រាប់កម្មវិធីសម្អាតបរិស្ថានក្នុងថ្ងៃនេះ គឺមានបំណងលើកទឹកចិត្ត និងក្រើនរំលឹកដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ឲ្យចេះស្រឡាញ់ ថែរក្សាបរិស្ថានឲ្យបានស្អាតជាប់ជានិច្ច។

លោកអភិបាលបានអំពាវនាវថា គ្រប់គ្នាត្រូវចេះសម្អាតមុខផ្ទះ ឲ្យបានស្អាតជានិច្ច ពិសេសត្រូវចេះចោល​សំរាមក្នុង​ធុងសំរាម មិនត្រូវចោលពាសវាលពាសកាល ដែលធ្វើឲ្យអនាម័យសាធារណៈមិនស្អាត ដែលអាច​ប​ង្ក​ឲ្យ​មាន​ការស្ទះលូ នៅខណៈពេលភ្លៀងធ្លាក់ម្តងៗ។

សូមបញ្ជាក់ថា ខេត្តបាត់ដំបង គឺជាខេត្តមួយដែលទទួលបានកិត្តិនាមថា ជាខេត្តដែលសាកសមនិងការទទួលពានរង្វាន់ផ្ការំដួល៣ទង។

ដើម្បីរក្សានូវកិត្តិនាមនេះ លោកអភិបាលខេត្តបានធ្វើការណែនាំដល់មន្ទីរបរិស្ថានខេត្ត រដ្ឋបាល​ក្រុង​បាត់ដំបង និងក្រុមហ៊ុនប្រមូលសំរាម ត្រូវយកចិត្តទុកដាក់ទៅលើការប្រមូលសំរាម និងសម្អាតនៅតាមដងផ្លូវសំខាន់ៗ និងតាមផ្លូវសាធារណៈ ដើម្បីភាពស្រស់ស្អាត និងសោភណ្ឌភាព ​ក្នុងក្រុងបាត់ដំបងផងដែរ៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9677448