ខេត្តកំពង់ឆ្នាំង ៖ មេឃុំកោះថ្កូវ ស្រុកជលគីរី បានសម្តែងការព្រួយបារម្ភជាខ្លាំង ព្រោះតែឆ្នាំនេះទឹកទន្លេតូច ដែលធ្វើឱ្យអាងស្តុកទឹកទាំង១៨កន្លែងក្នុងឃុំ ពុំមានទឹកតម្កល់ទុក សំរាប់ធ្វើស្រែចំការឡើយ។
លោក ផាត់ ចិនណា ធ្វើសេចក្តីរាយការណ៍ពីការព្រួយបារម្មណ៍បែបនេះទៅកាន់សមាជិកព្រឹទ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងប្រធានក្រុមប្រឹក្សាខេត្ត ក្នុងឱកាសកាន់បិណ្ឌទី៧ ក្នុងវត្តកោះថ្កូវ ស្ថិតនៅក្នុងភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកេជលគីរី នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។
លោកមេឃុំកោះថ្កូវបានបន្តថា ឃុំកោះថ្កូវមានប្រជាពលរដ្ឋ២១១៥គ្រួសារ ស្មើនឹង១០៦៩១នាក់ ដែល៩៨% ជាកសិករធ្វើស្រែចំការ ។ ប៉ុន្តែដោយសារឆ្នាំនេះទឹកទន្លេតូច ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង ព្រោះត្រូវប្រឈមចំពោះការខ្វះខាតទឹកធ្វើស្រែជាក់ជាពុំខាន។
ទាក់ទងនិងការលើកឡើងខាងលើនេះ លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានស្នើសុំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរពាក់ពន្ធ័ ត្រូវយកចិត្តូកដាក់ដោះស្រាយការលំបាកជូនប្រជាពលរដ្ឋនៅក្នុងឃុំកោះថ្កូវ ដើម្បីអោយប្រជាពលរដ្ឋមានទឹកសំរាប់ធ្វើស្រែចំការ ដោយត្រូវត្រៀមម៉ាស៊ីនបូមទឹក ប្រឹងដើម្បីជួយសង្គ្រោះស្រូវពួកគាត់ឱ្យទាន់ពេលវេលា ។
ជាមួយគ្នានេះដែរ លោកបានសំណូមពរដល់ក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិឃុំផ្សព្វផ្សាយប្រជាពលរដ្ឋ អោយកូនចៅគ្រប់អាយុបោះឆ្នោតទៅចុះឈ្មោះបោះឆ្នោត និង ចូលរួមពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅថ្ងៃទី០១ ខែតុលា ឱ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះដែរ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌល បានថ្លែងថា៖ អ្វីៗដែលយើងកំពុងមាននិងកំពុងទទួលបានក្នុងពេលនេះ គឺដោយសារគុណបំណា ច់ថ្ងៃ៧មករា និងដោយសារការអនុវត្តន៍គោលនយោបាយឈ្នះឈ្នះដោយជោគជ័យ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបយើមានសុខសន្តិភាព និងបានជួបជុំគ្នាធ្វើបុណ្យកាន់បិណ្ឌក្នុងពេលនេះ ។
លោកជំទាវបានបន្ថែមថា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវវីដ១៩ ដែលកំពុងវាយលុកមកលើពិភពលោក ប្រជាពលរដ្ឋយើងត្រូវតែណែនាំកូនចៅធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាសក្នុងទីប្រជុំជន ត្រូវលាងដៃនឹងសាប៊ូ ឬអាកុលជាដើម និងបើសង្ស័យថា មានជំងឺដ៏កាចសាហាវនេះនៅក្នុងមូលដ្ឋាន ត្រូវបញ្ជូនអ្នកជំងឺទៅធ្វើចតាឡីស័កនៅក្នុងមន្ទីរពេទ្យជាបន្ទាន់ ។
ដោយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកជលគីរី បានបញ្ជាក់អោយដឹងថា៖ ក្រោយពេលបញ្ចប់បុណ្យភ្ជុំបិណ្ឌនេះទៅ ឯកឧត្តមនឹងដឹកនាំក្រុមការងារសហការជាមួយមន្ត្រីជំនាញ ចុះបូមទឹកពីទន្លេដាក់ចូលអាងស្តុកទាំង១៨កន្លែង ដើម្បីអោយប្រជាកសិករក្នុងឃុំកោះថ្កូវមានទឹកធ្វើស្រែចំការបានគ្រប់គ្រាន់ ។
សួរបញ្ជាក់ថា ក្នុងថ្ងៃកាន់បិណ្ឌនេះដែរ ក្រុមការងារថ្នាក់ខេត្តបាននាំមកនូវទេយ្យទាននិងបច្ច័យ ប្រ គេនព្រះសង្ឃចំនួន៥អង្គ ក្នុង១អង្គៗ៥ម៉ឺនរៀល បច្ច័យជើងបិណ្ឌនិងបច្ច័យកសាង ចំនួន៣.៣៣៣.៣០០រៀល ជូនបច្ច័យតាអាចារ្យ៥នាក់ម្នាក់ៗ៣ម៉ឺនរៀល តាជីយាយជី៣០០នាក់ម្នាក់ៗ១ម៉ឺនរៀល និងកុមារាកុមារីជាសិស្សសាលា១០០នាក់ម្នាក់២ពាន់រៀល និងប្រជាការពារ២៥នាក់ម្នាក់ៗ១ម៉ឺនរៀលផងដែរ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព