រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិចបុរសសង្ហាលោកប្រាក់ មុន្នីឧត្តម ដែលជាកីឡាករបាល់ទាត់ឆ្នើមម្នាក់របស់កម្ពុជាបានប្រកាសស្នើសុំអ្នកគាំទ្រឲ្យជួយចែករំលែកនូវព័ត៌មានសំខាន់ទៅកាន់មហាជន ក្រោយពីហ្វេសប៊ុកផ្លូវការរបស់លោកត្រូវបានជនអនាមិកវាយលុយយកទៅគ្រប់គ្រង (hack) ។
លោកប្រាក់ មុន្នីឧត្តម បានបង្ហោះសារនៅក្នុងហ្វេសប៊ុកនៅរសៀលថ្ងៃទី១០ ខែកញ្ញា ដែលមានខ្លឹមសារថា «សួស្តីអ្នកទាំងអស់គ្នា ពេលនេះ page ផ្លូវការបស់ខ្ញុំត្រូវគេបាន hack ទៅបាត់ហើយ ហើយពេលនេះខ្ញុំក៏កំពុងវង់ចាំឯកសារពីក្រុមហ៊ុន Facebook ដើម្បីយកមកវិញផងដែលសូមអ្នកទាំងអស់គ្នា មេត្តាប្រុងប្រយត្ន័ផង បើមានគនេយ្យណីណាដែលមិនសម ខ្ញុំសូមមិនទទួលខុសត្រូវឡើយ ។ សូមអ្នកទាំងអស់គ្នាជួយ shares ម្នាក់1 ផង» ។
ភ្លាមៗក្រោយការប្រកាសប្រាប់ដំណឹងមួយនេះដល់អ្នកគាំទ្រនោះ អ្នកគាំទ្រ និងប្រិយមិត្តរបស់លោកប្រាក់ មុន្នីឧត្តម បានជួយចែកចាយនូវដំណឹងមួយនេះ ក្នុងន័យការពារខ្លាចជនអនាមិកយកផេករបស់លោកទៅធ្វើរឿងផ្តេសផ្តាស់ណាមួយ ។ ក្នុងនោះផងដែរ មានប្រិយមិត្តអ្នកគាំទ្រតារាបាល់ទាត់រូបនេះបានជូនមតិថាទៅតារាបាល់ទាត់រូបនេះថា « ប្រើប្រាស់ជា Ownership ទោះគេជា admin ក៏យើងអាចយកបានដែរ ហើយ pageដែលមាន blue verifyបែបនេះបើយើងជាម្ចាស់ដើមងាយយកមកវិញទេ» ។
សូមបញ្ជាក់ថា លោកប្រាក់ មុន្នីឧត្តម គឺជាកីឡាករបាល់ទាត់ឆ្នើមមួយរូបរបស់កម្ពុជាដែលកន្លងមកលោកបានចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការជម្រុញឲ្យវិស័យបាល់ទាត់នៅកម្ពុជាមានការគាំទ្រពីមហាជន ជាពិសេសស្រទាប់យុវវ័យ ។ ជាងនេះទៅទៀត លោកធ្លាប់បានស្ម័គ្រចិត្តធ្វើជាអាជ្ញាកណ្ដាលក៏ដូចជាមកចែករំលែកបទពិសោធផ្ទាល់ខ្លួនដល់យុវជន និងកុមារទីទាល់ក្រដែលចូលចិត្តវិស័យបាល់ទាត់ផងដែរ ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព