កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១តាមប្រព័ន្ធវីដេអូខន់ហ្វើរិនបញ្ចប់ដោយជោគជ័យ
រាជធានីភ្នំពេញ ៖ កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូខន់ហ្វើរិនបានបញ្ចប់ដោយជោគជ័យ ខណៈវៀតណាមបានធ្វើជាម្ចាស់ផ្ទះ ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជាចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ និងពិធីបិទមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ ។
កិច្ចប្រជុំនេះជាប្រវត្តិសាស្ត្រដែលមហាសន្និបាត AIPA បានរៀបចំធ្វើតាមប្រព័ន្ធវីដេអូ ក្នុងខណៈប្រទេសវៀតណាមធ្វើជាម្ចាស់ ដោយសារការរាតត្បាតនៃជំងឺរាតត្បាតកូវីដ១៩ ។ ទោះបីជាជួបនឹងវិបត្តិជំងឺកូវីដ១៩ ក៏មិនអាចធ្វើឲ្យតំណាងប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ខកខានក្នុងការជួបប្រជុំគ្នាជាប្រចាំឆ្នាំនោះឡើយ ។ អាយប៉ាដែលមានរដ្ឋសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ រួមគ្នាពុះពារជម្នះរាល់ឧបសគ្គ ដើម្បីរៀបចំមហាសន្និបាត តាមប្រព័ន្ធវីដេអូ ដោយបានប្រព្រឹត្តិទៅដោយរលូន នៅក្នុងរយៈពេលបីថ្ងៃមកនេះ ។
សូមជម្រាបថាគណៈប្រតិភូចូលរួមបានផ្លាស់ប្តូរទស្សនៈយោបល់គ្នាលើសេចក្តីសម្រេច ដើម្បីជាធាតុចូល ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្នា ក្នុងការដោះស្រាយបញ្ហា ប្រឈមរបស់ពលរដ្ឋ ដូចជាការទប់ស្កាត់ជំងឺកូវីដ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនេះបញ្ចប់ទៅ ។ អង្គមហាសន្និបាតមានសេចក្តីព្រាងសេចក្តីសម្រេចសំខាន់ៗមួយចំនួនត្រូវបានពិភាក្សា និងអនុម័តដូចជា សេចក្តីសម្រេចស្តីពី «តួនាទីរបស់សមាជិកសភាជាស្ត្រីក្នុងការធានាការងារ និងប្រាក់ចំណូលដល់កម្មករនិយោជិតជាស្ត្រី» សេចក្តីសម្រេចស្តីពី «ការចូលរួមរបស់សមាជិកសភាវ័យក្មេងអាយប៉ាក្នុងការកសាងសហគមន៍អាស៊ាន» សេចក្តីសម្រេចស្តីពី «តួនាទីសភាក្នុងការជំរុញភាពស្អិតរមួត និងការងើបឡើងវិញនៃសេដ្ឋកិច្ចអាស៊ាននៅក្នុងដំណាក់កាលក្រោយកូវីដ-១៩» ជាដើម ។
មហាសន្និបាតលើកទី៤១ ឈរលើស្មារតីចែករំលែកកិច្ចហប្រត្តិបត្តិការមិនអាចខ្វះបានរវាងអាយប៉ា និងអាស៊ាន ដោយធ្វើយ៉ាងណាឲ្យចក្ខុវិស័យរបស់អាស៊ានឆ្នាំ២០២៥ សម្រេចទៅដោយជោគជ័យ ។ អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន ។
អង្គការសភាមួយនេះ ជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ានជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ ។ មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកផ្លាស់វេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះប្រទេសតាមអក្សរឡាតាំង ។
មហាសន្និបាតលើកទី៤២ នឹងធ្វើនៅប្រទេសប្រ៊ុយណេ នៅក្នុងឆ្នាំ២០២១ ។ មុននឹងបិទបញ្ចប់មហាសន្និបាតលើកទី៤១នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំប្រតិភូប្រទេសជាសមាជិកទាំងអស់បានចុះហត្ថលេខាលើរបាយការណ៌រួម (Joint Communique) ស្តីពីលទ្ធផលមហាសន្និបាតលើកទី៤១ ដោយភាពស្និទ្ធស្នាលជាទីបំផុត ទោះបីជាពិធីនេះ បានរៀបចំធ្វើតាមប្រព័ន្ធវីដេអូក្តី។
សូមជម្រាបថា កិច្ចប្រជុំបានចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា មហាសន្និបាតអាយប៉ាបានរៀបចំកិច្ចប្រជុំពេញអង្គចំនួនពីរលើក និងកិច្ចប្រជុំរបស់គណៈកម្មាធិការជំនាញរបស់ខ្លួន រួមមានគណៈកម្មាធិការសមាជិកសភាស្ត្រី (WAIPA) គណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ចគណៈកម្មាធិការរៀបចំ និងកិច្ចប្រជុំមិនផ្លូវការរបស់សមាជិកសភាវ័យក្មេងអាយប៉ាផងដែរ៕