រាជធានីភ្នំពេញ ៖ នាពេលព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ និស្សិតកម្ពុជាចំនួនជិត៦០០នាក់ បានឆ្លងចូលមកប្រទេសវៀតណាមវិញ ដើម្បីបន្តកម្មវិធីសិក្សានៅតាមសាលវិទ្យាល័យទូទាំងប្រទេសវៀតណាម ក្រោយរយៈពេលឈប់សម្រាកដើម្បីបង្ការ និងប្រឆាំងនឹងជំងឺកូវីដ១៩ ។ នេះបើយោងតាមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ។
ប្រភពដដែលបានអះអាងថា និស្សិតកម្ពុជាជិត៦០០ បានបង្ហាញនូវការសប្បាយរីករាយបានវិលត្រឡប់ទៅបន្តការសិក្សាវិញ ។ ក្នុងនោះផងដែរគ្រប់ស្ថាប័នមានការពាក់ព័ន្ធនៃប្រទេសទាំងពីរបានសហការគ្នាយ៉ាងម៉តចត់ ក្នុងការអនុវត្តបណ្តាវិធានការបង្ការ និងប្រឆាំងជំងឺកូវីដ១៩ ដើម្បីការពារសុខភាពរបស់ក្រុមនិស្សិតទាំងនេះ ។
ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានបន្តថា «ក្នុងបទសម្ភាសសម្លេងវិទ្យុជាតិវៀតណាម VOV ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គ្រប់ស្ថាប័នមានការពាក់ព័ន្ធរបស់ភាគីទាំងពីរកម្ពុជា និងវៀតណាម ដែលបានបង្កលក្ខណៈងាយស្រួលជូនដល់ការវិលត្រឡប់មកវៀតណាម ដើម្បីបន្តការសិក្សារបស់និស្សិតកម្ពុជា» ។
ឯកឧត្តម ចាយ ណាវុធ បានមានប្រសាសន៍ថា «ជាបឋម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងបណ្តាស្ថាប័ននៃប្រទេសទាំងពីរដែលបានបង្កលក្ខណៈងាយស្រួលដល់ក្រុមនិស្សិតកម្ពុជាទាំងនេះអោយវិញត្រឡប់មកប្រទេសវៀតណាមវិញ ដើម្បីបន្តការសិក្សា ។ នេះគឺជាសក្ខីភាពមួយនៃចំណងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ។ ចាប់តាំងពីពេលជំងឺកូវីដ១៩ផ្ទុះមកបក្សរដ្ឋ និងប្រជាជនវៀតណាមតែងតែមានការយកចិត្តទុកដាក់ជួយឧបត្ថម្ភប្រទេសកម្ពជាក្នុងការប្រឆាំងនឹងជំងឺកូវីដ១៩នេះ»។
ប្អូន LYLY SA ដែលជានិស្សិតឆ្នាំទី៤ នៅសកលវិទ្យាល័យ NGUYEN TAT THANH បាននិយាយថា «ថ្ងៃនេះ ខ្ញុំមានក្តីសប្បាយរីករាយខ្លាំងដែលបានវិលត្រឡប់មកប្រទេសវៀតណាមដើម្បីបន្តការសិក្សារបស់ខ្លួន ហើយបានជួបសាលាអ្នកគ្រូលោកគ្រូ មិត្តភ័ក្ត្រ… ខ្ញុំមានក្តីជឿទុកចិត្តខ្លាំងនាពេលវិលត្រឡប់មកវៀតណាមវិញ ដោយសារបណ្តាស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានអនុវត្តដ៏ល្អប្រសើរការបង្ការ និងប្រឆាំងនឹងជំងឹរាលដាល» ។
ជារៀងរាល់ឆ្នាំ និស្សិកម្ពុជាទៅសិក្សានៅប្រទេសវៀតណាមមានការកើនឡើងជាបន្តបន្ទាប់ ទាំងចំនួន និងគុណភាព ។ គិតត្រឹមដល់ឆ្នាំនេះ និស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាមមានចំនួនប្រមាណ៤០០០នាក់ ដែលក្នុងនោះមាន៨០០កន្លែងជាអាហារូបករណ៍ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព