ប្រទេសឥណ្ឌូណេស៊ី ៖ អាជ្ញាធរឥណ្ឌូណេស៊ីប្រកាសនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ថា មនុស្សយ៉ាងតិច១៥នាក់បានត្រូវបាត់បង់ជីវិត និងជាច្រើនសិបនាក់ទៀតបាត់ខ្លួនក្រោយទឺកជំនន់ភ្លាមៗ ដែលបណ្ដាលឲ្យមានការហូរភក់ជន់លិចផ្ទះច្រើនរយខ្នងលើកោះសេឡែប ។
ទីភ្នាក់ងារទទួលបន្ទុកគ្រោះមហន្តរាយធម្មជាតិមូលដ្ឋាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះនិងរុករកនៅបន្តតាមរកបណ្ដាជនបាត់ខ្លួន ដែលទឹកភក់កួចនាំយកទៅ ។ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងទឹកស្ទឹង៣បានជោរជន់ក្នុងតំបន់លូវូខាងជើងភាគខាងត្បូងកោះ ក្នុងខេត្តស៊ូឡាវេស៊ីខាងត្បូង ។ ប្រជាជនបានរាយការណ៍ពីការបាត់ខ្លួនបណ្ដាសាច់ញាតិពួកគេ ។ ការបាត់ខ្លួននោះទាក់ទិននឹងមនុស្សច្រើនសិបនាក់ ។
ផ្ទះច្រើនរយខ្នងព្រមទាំងបណ្ដាទីតាំងសាធារណៈត្រូវភក់ហូរចាក់លិចក្នុងកម្រាស់ពី៣ទៅ៥ម៉ែត្រ ។ ទឹកភក់បានលិចផ្ទះមើលឃើញតែដំបូល ។ ប្រជាជនប្រមាណជា២.០០០នាក់ បានរត់ភៀសខ្លួនទៅកាន់បណ្ដាជម្រកបណ្ដោះអាសន្ន តែទឹកជំនន់និងភក់រារាំង ដល់ការខិតខំប្រឹងប្រែងចែកចាយស្បៀង ។
ការខិតខំប្រឹងប្រែងនាពេលនេះ គឺការសម្អាតបណ្ដាកម្ទេចកម្ទីដែលក្រាលពេញផ្លូវថ្នល់ ដើម្បីបែកផ្លូវចូលទៅបណ្ដាកន្លែងរងគ្រោះ ។ សាកសពមនុស្ស១៥នាក់ត្រូវបានរកឃើញ កាលពីថ្ងៃទី១៤ កក្កដាដោយបណ្ដាអ្នកជួយសង្គ្រោះ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព