Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជានៅខ្វះការផ្គត់ផ្គង់សាច់ក្នុងស្រុក៦ម៉ឺនតោនក្នុង មួយឆ្នាំៗ

រាជធានី​ភ្នំពេញ​៖ ​​សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​​នា​ពេល​ថ្មី​ៗថា ​​តម្រូវការ​សាច់​ក្នុង​មួយ​ឆ្នាំ​ៗ ​យើង​ត្រូវការ​សាច់​២៩​ម៉ឺន​តោន ប៉ុន្តែ​យើង​ទើប​ផ្គត់ផ្គង់​ខ្លួនឯង​បានតែ​ជាង​២៣​ម៉ឺន​តោន​ស្មើ​ប្រមាណ​៨២%  ដូច្នេះ​យើង​ត្រូវ​ជំរុញ​ការ​ចិញ្ចឹមសត្វ​ជា​បន្ត​ទៀត​។

សម្តេច​តេ​ជោ លើក​ឡើង​ថា កាលពី​ម្សិលមិញ​មាន​សំណើរ​របស់​ក្រុមហ៊ុន​មួយ​បាន​បញ្ជូន​មក​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ចារ​ទៅ​ឱ្យ​ឯកឧត្តម​វេ​ង​សា​ខុន​ពិភាក្សា​ជាមួយ ​ឯកឧត្តម​ប៉ាន​សូរ​ស័ក្តិ​អំពី​ការ​ស្នើ​សុំ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ចំនួន​១​លាន​ក្បាល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ផ្គត់ផ្គង់​នៅ​កម្ពុជា ​និង​នាំ​ចេញ​ទៅ​វៀតណាម​។

សម្តេច តេ​ជោ ហ៊ុន​សែន​មាន​ប្រសាសន៍​ថា​« ខ្ញុំ​គ្រាន់តែ​ចារ​ទៅ​ឱ្យ​អ្នកបច្ចេកទេស​សិក្សា​នោះ​ទេ​។ ប៉ុន្តែ​គំនិត​របស់ខ្ញុំ កុំ​នាំ​ចូល​ពី​គេ​ហើយ​សម្លាប់​ការ​ចិញ្ចឹមសត្វ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។ ​ខ្ញុំ​មិន​យល់​ស្រប​និង​ចំណុច​ឬ​សំណើរ​នេះ​ទេ​។​បើ​យើង​ត្រូវ​នាំ​ចូល​យើង​នាំ​ចូល​តែ​ចំណុច​ដែល​ខ្វះ ១៨% បើ​យើង​ខំ​ចិញ្ចឹម​ឱ្យ​គ្រប់​តម្រូវការ​គឺ​យើង​មិន​ចាំបាច់​នាំ​ចូល​ពី​គេ​នោះ​ទេ​»​។

សម្តេច​ស​ង្គ​ត់​ធ្ងន់​ដូច្នេះ​ថា​«​ខ្ញុំ​អត់​យល់​ថា​កាលពី​ម្សិលមិញ​នេះ មាន​ក្រុមហ៊ុន​មួយ​មាន​បំណង​នាំ​ចូល​ជ្រូក​រស់​ដល់​១​លាន​ក្បាល អីចឹង​បើ​ខ្ញុំ​ចារ​យល់ព្រម ច្បាស់​ណាស់​ថា ខ្ញុំ​ជា​អ្នក​សម្លាប់​កសិករ​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ខ្មែរ​ខ្លួនឯង​តែ​ម្តង ខណៈ​ពេល​ដែល​ខ្លួន​ដើរ​ប្រកាសប្រាប់​កសិករ​ឱ្យ​ចិញ្ចឹម​ជ្រូក​។​ អីចឹង​បានជា​យើង​ខំ​យក​ឱកាស​នេះ​ខិតខំ​ចិញ្ចឹម​ផ្គត់ផ្គង់​ឱ្យ​ខ្លួនឯង​ឱ្យ​គ្រប់ រួច​ហើយ​បើ​មាន​តម្រូវការ​នាំ​ចេញ​គឺ​យើង​ចូលរួម​នាំ​ចេញ​ទៅ​ឱ្យ​ទីផ្សារ​នៅ​ក្រៅប្រទេស​ថែម​ទៀត​។ ​ទីផ្សារ​នៅ​ក្រៅប្រទេស​ដូច​ជា​នៅ​ហុងកុង សិង្ហ​បុរី គាត់​ត្រូវ​សាច់​សម្រាប់​ផ្គត់ផ្គង់ ព្រោះ​នៅ​ប្រទេស​អត់​មាន​កន្លែង​ចិញ្ចឹមសត្វ គាត់​ត្រូវការ​នាំ​ចូល​។ ​អីចឹង​ទេ​យើង​ជំរុញ​ការ​នាំ​ចេញ​ត្រឡប់​ទៅ​វិញ​»​។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​មាន​ប្រសាសន៍​ថា​ក្នុង​ឆ្នាំ​២០១៩ ​កន្លង​ទៅ​នេះ​វិស័យ​កសិកម្ម​បាន​ចូលរួម​ចំណែក​ប្រមាណ​ជាង​២៨% ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​ក្នុង​នោះ​ផ្នែក​ដំណាំ​បាន​ចូលរួម​ចំណែក​ជាង​៦៧%, ផលិតកម្ម​សត្វ​១១%, ផ្នែក​ជលផល​២៤%,​ផ្នែក​ព្រៃឈើ​ជាង​៦%​។

លោក​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា «​ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ផលិតកម្ម​សត្វ​សម្រេច​បាន​ជាង​៤៥​លាន​ក្បាល កើនឡើង​លើស​ឆ្នាំ​ជាង​៣% ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​មាន​លទ្ធភាព​ផលិត​សាច់​សម្រាប់​បម្រើ​តម្រូវការ​ក្នុងស្រុក​បាន​ជាង​២៣​ម៉ឺន​តោន​ស្មើនឹង​៨២%​នៃ​តម្រូវការ​សាច់​សរុប​ប្រមាណ​២៩​ម៉ឺន​តោន​នៅ​ក្នុង​ឆ្នាំ​។​ការ​ចិញ្ចឹមសត្វ​លក្ខណៈ​ពាណិជ្ជកម្ម​មានការ​កើនឡើង​ប្រមាណ​៣៧%​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ដោយសារ​អ្នក​ចិញ្ចឹម​មានការ​ផ្លាស់​ប្តូរ​ឥរិយា​បទ​ពី​ការ​ចិញ្ចឹម​បែប​ធម្មជាតិ មក​ចិញ្ចឹម​តាម​បែប​ពាណិជ្ជកម្ម​ដែល​ធ្វើ​ឱ្យ​កំណើន​នៃ​ប្រាក់​ចំណូល​ខ្ពស់​»៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9490103