ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដឹកនាំដោយឧត្តមសេនីយ៍ឯក ចាន់ វណ្ណធឿន ប្រធាននាយក ដ្ឋានសហការជាមួយនគរបាលខេត្ត ដោយមានការសម្របសម្រួលពីព្រះរាជអជ្ញារងអមសាលាដំបូងខេត្ត បានចុះរឹបអូសដកហូតសម្ភារផលិតបារី និងបារីម៉ាកអេសសេ(ESSE) ដែលលួចផលិតក្លែងក្លាយនិងខុសច្បាប់ នៅក្នុងរោងចក្រផលិតជ័រនីឡុង ស្ថិតនៅក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ។
បើតាមក្រុមការងារបានប្រាប់ឲ្យដឹងថា ការបង្ក្រាបទីតាំងលួចលាក់ផលិតបារីនេះ គឺធ្វើឡើងតាមបណ្តឹងរបស់ក្រុមហ៊ុនបារី ESSE ។ តាមព័ត៌មានបឋមថា ម៉ាស៊ីនផលិតបារីចំនួន៣គ្រឿង និងសម្ភារវេចខ្ចប់បារីមួយចំនួនទៀត ត្រូវបានសមត្ថកិច្ចរឹបអូសយកទៅរក្សាទុក ដើម្បីអនុវត្តតាមនីតិវីធី ។
ការបង្ក្រាបទីតាំងផលិតបារីនេះ មិនមែនជាលើកទី១ទេ គឺសមត្ថកិច្ចធ្លាប់បានបង្ក្រាបច្រើនករណីមកហើយដែលមានទីតាំងខុសៗគ្នា ។ ទោះបីជាបែបណា មិនមានរបាយការណ៍ពីការឃាត់ខ្លួនជនណាម្នាក់ទេ ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព