រាជធានីភ្នំពេញ៖ រថយន្តកុងតឺន័រ១គ្រឿងបើកបរក្នុងល្បឿនលឿន មិនដឹងហេតុអ្វីសុខៗ រេចង្កូចបុករះផ្ទះវេរលុយបន្តបន្ទាប់ចំនួន២ខ្នង បណ្តាលឱ្យរងការខូចខាតសម្ភារអស់ជាច្រើន ចំណែករថយន្តកុងតឺន័រក្រឡាប់ផ្ងារជើង រីឯអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល តែសំណាងល្អមិនបង្កឱ្យនរណាម្នាក់រងគ្រោះថ្នាក់ឡើយ ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២រំលងអធ្រាត្រថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ១គ្រឿងបើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលចង្កូតផ្នែកខាងស្ដាំបុករះផ្ទះបើកវេរលុយចំនួន២ខ្នងដែលនៅជាប់ៗគ្នា បណ្ដាលឲ្យរងការខូចខាតសម្ភារៈអស់ជាច្រើន ។ ចំណែករថយន្តកុងតឺន័របង្កវិញបានក្រឡាប់ផ្ងារជើងឡើងលើ និងរងការខូចខាតខ្ទេចកាប៊ីនខាងមុខនិងកំពិតទូកុងតឺន័រ ។
តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះ អ្នកបើកបររថយន្តបង្កខាងលើបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ បន្ទាប់មកក៏មានវត្តមានកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី២បានចុះមកអន្តរាគមន៍ភ្លាមៗ ដោយធ្វើចរាចរណ៍បញ្ចៀសចរាចរណ៍ដើម្បីកុំអោយមានគ្រោះថ្នាក់កើតឡើងជាបន្តទៀត ហើយបានទាក់ទងទៅផ្នែកជំនាញចរាចរណ៍រាជធានីភ្នំពេញចុះមកធ្វើការវាស់វែង ។
របាយការណ៍សមត្ថកិច្ច បញ្ជាក់ថា រថយន្តកុងតឺន័រមួយគ្រឿងខាងលើ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3C-6327 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។ ចំណែកម្ចាស់ផ្ទះបើកវេរលុយរងគ្រោះទាំង២ខ្នងខាងលើ ក្នុងនោះម្នាក់ឈ្មោះពិសិដ្ឋ ប៉ូនីកា ជាម្ចាស់ផ្ទះវីងវេរលុយ បានរងការខូចខាតសម្ភារៈអស់ជាច្រើន និងម្នាក់ទៀតឈ្មោះជីម សុភារី ជាម្ចាស់ផ្ទះអ៊ីម៉ាន់នីវេរលុយ បានរងការខូចខាតសម្ភារៈអស់ជាច្រើនដូចគ្នា។
ក្រោយពេលកើតហេតុ ផ្នែកជំនាញចរាចរណ៍រាជធានីភ្នំពេញបានមកវាស់វែង និងស្ទូចរថយន្តបង្កខាងលើយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ ត្នោត