Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ល្បិចមិនធ្លាប់​មាន ​ទម្លាក់​គ្រឿង​ញៀនចូល​​​ក្នុងឡាន​ដើម្បីធ្វើ​​ស៊ី

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​ជន​ក្លែងបន្លំ​ជានគរបាល​ចំនួន​៥​នាក់ត្រូវ​បាន​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​៨ កញ្ញា វេលា​ម៉ោង​១១​ព្រឹក ខណៈ​ទទួល​បានពាក្យបណ្ដឹង​ពី​ជនជាតិ​ចិន​ម្នាក់ ភេទ​ប្រុស បាន​ប្ដឹង​ថា នៅ​ថ្ងៃ​ទី​៦ កញ្ញា ២០២០ វេលា​ម៉ោង​២៣​និង​៣០​នាទី មាន​បុរស​១​ក្រុម​ជា​ជនជាតិ​ខ្មែរ​មាន​គ្នា​៥​នាក់ ស្លៀកពាក់​ស៊ី​វិល​ជិះ​រថយន្ត​១​គ្រឿង ប្រភេទ​PICK UP ពណ៌​ស និង​ម៉ូតូ​២​គ្រឿង បាន​អះអាង​ថា ជា​សមត្ថកិច្ច​ប៉ូ​លិសបាន​ធ្វើ​សកម្មភាព​កាក់​រថយន្ត​របស់​ខ្លួន ជា​ជនជាតិ​ចិន​១​គ្រឿង ម៉ាក​ព្រូស ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ​២C-៩២៩១ ក្នុង​ខណៈ​ពេល​ដែល​ខ្លួន​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ទៅ​បុរី​គុ​ជ​អាស៊ី ស្ថិត​នៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ។

តាម​បណ្ដឹង​ថា ក្រុម​ជន​ទាំងនោះ​បាន​ឆែកឆេរ​ក្នុង​រថយន្ត​របស់​ខ្លួន ហើយ​បាន​ទម្លាក់​គ្រឿងញៀន​១​កញ្ចប់​នៅ​ក្នុង​រថយន្ត ដើម្បី​ចោទប្រកាន់​ថា គ្រឿងញៀន​ជា​របស់​គាត់ រួច​គំរាម​ទារប្រាក់​ចំនួន​៤.០០០$ (​បួន​ពាន់​ដុល្លារ​អា​មេ​រិ​ក​) ​បើ​មិន​ព្រម​ឲ្យ​ទេ ក្រុម​ជន​សង្ស័យ​ទាំងនោះ​គំរាម​ចាប់​យក​ទៅ​ប៉ុស្តិ៍​ប៉ូលិស ។ ដោយ​មានការ​ភ័យ​ខ្លាច ជន​រង​គ្រោះជា​ជនជាតិ​ចិន បាន​ទូរស័ព្ទ​ទៅ​ប្រពន្ធ​ឲ្យ​ដើរ​ខ្ចី​លុយ​ពី​មិត្តភក្តិ​បាន​ចំនួន​២.៣០០$ (​ពីរ​ពាន់​បី​រយ​ដុល្លារ​អា​មេ​រិ​ក​) យក​ទៅ​ប្រគល់​ឲ្យ​ក្រុម​ជនសង្ស័យ​ដោយ​សន្យា​ថា ប្រាក់​ដែល​នៅ​សល់​នឹង​ឲ្យ​នៅ​ពេល​ក្រោយ ។

បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្ម​ទណ្ឌ បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​កំណត់​បាន​អត្តសញ្ញាណ​របស់​ជនសង្ស័យ និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​សរុប​៦​នាក់ (​ក្នុង​នោះ​មាន​ជន ជាតិចិន​១​នាក់​) នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃ​ទី​៨ កញ្ញា ២០២០ ។ ជន​រង​គ្រោះ​​ក្នុង​ករណី​នេះ​ឈ្មោះ ZHANG KANG ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន ជា​អ្នក​ទេស​ចរណ៍ ស្នាក់​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ។ បាត់​បង់លុយ​២.៣០០$(​ពីរ​​ពាន់​​បី​រយ​ដុល្លារ​អា​មេ​រិ​ក​) ។

ចំណែក​ជនសង្ស័យ​ទាំង​៦​នាក់​៖

១-​ឈ្មោះ ហាក់ សុធា​បញ្ញា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ភ្នាក់ងារ​សារ​ព័​ត៌​មាន​កម្ពុជា​ញូ​វ​ផ្លាស មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​ព្រះ​សីហ​នុ​។

២-​ឈ្មោះ អ៊ួ​ន ប្រុស ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ភ្នាក់ងារ​សារព័ត៌មាន CAM POST មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ។

៣-​ឈ្មោះ ចិន ប៊ុ​ន​ធឿ​ន ហៅ​រាជ្យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ភ្នាក់ងារ​សារព័ត៌មាន NEWS Online មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ។

៤-​ឈ្មោះ ចំរើន លាង​ម៉េ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ម៉ៅ​ការ​សំណង់ និង​ជួល​រថ​យន្ត មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ។

៥-​ឈ្មោះ ស៊ឹ​ម សុខ​ដា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជំនួយការ​របស់​ឈ្មោះ អ៊ួ​ន ប្រុស ភ្នាក់ងារ​សារ​ព​ត៌​មាន CAM POST មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ ។

៦-​ឈ្មោះ ZHOU DONGYA ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន អ្នក​រត់​តាក់ស៊ី កាន់​លិខិតឆ្លងដែន​លេខៈ EF3093157 មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ។

នេះ​ជា​ករណី​ដំបូង ដែល​កើត​មាន​ដោយ​ជនល្មើស​ជា​ជនជាតិ​ខ្មែរ បាន​ធ្វើ​សកម្មភាព​ជំរិត​លុយ​ពី​ជនជាតិ​ចិន ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ដែរ​នោះ គឺ​ក្រុម​អ្នកកាសែត​ត្បាញ​អាយ ​រហូត​ដល់​៤​នាក់​បាន​ចូលរួមដែល​គេ​និយាយ​ថា នៅ​សុខ​ៗ​ចេះ​រក​គុក​ឃើញ ៕ ​ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9676546