ខេត្តសៀមរាប៖ បុរស២នាក់បានជិះម៉ូតូលឿនរហូតគ្រប់គ្រង់លែងបាន ជ្រុលទៅបុកគោយន្តកន្ដ្រៃកំពុងចតក្បែរចិញ្ចើមផ្លូវ ពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯម្នាក់ទៀតរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះ នៅវេលាម៉ោង២និង១០នាទី រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅមុខស្ថានីយប្រេងឥន្ធនៈមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៦៨ ចន្លោះគីឡូម៉ែត្រលេខ២០-២១ ស្ថិតនៅភូមិតាប៉ាង ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ជាទាហានដែលបម្រើការងារ នៅកងពលធំអន្តរាគមន៍លេខ២ វរសេនាតូចកាំភ្លើងត្បាល់100DKZ 75 ក្នុងនោះម្នាក់ឈ្មោះ អៀម ម៉ុន ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកបើកបរម៉ូតូ រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបាត់បង់ជីវិត។
ចំណែកម្នាក់ទៀតឈ្មោះ ក្រឹម រ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នករួមដំណើរ រស់នៅភូមិចង្ក្រានយក្ស ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានរងរបួសធ្ងន់ ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវអាល់ហ្វា ពណ៍ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1J-9843 ។ រីឯគោយន្តកន្ត្រៃមួយគ្រឿងខាងលើ ពណ៌ក្រហម អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ ។
អ្នកបានដឹងហេតុការណ៍នោះប្រាប់ថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជាទាហាន២នាក់បានជិះម៉ូតូមួយគ្រឿង ឌុបគ្នាធ្វើដំណើរក្នុងល្បឿនលឿនក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ពួកគេមិនបានបង្អង់ល្បឿនទេ ហើយក៏ ជ្រុលបុកពីក្រោយគោយន្តកន្ត្រៃមួយគ្រឿង កំពុងឈប់ចតចោលតាមចិញ្ចើមផ្លូវ បណ្តាលឱ្យអ្នកបើកបរម៉ូតូបាត់បង់ជីវិត ចំណែកអ្នករួមដំណើរ បានរងរបួសធ្ងន់ រីឯម៉ូតូបានរងការខូចខាតយ៉ាងដំណំ។ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកគោយន្តកន្ត្រៃដែលរងការខូចខាតស្រាលនៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ ទាំងម៉ូតូ និងគោយន្តកន្ត្រៃត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសែនសុខដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនរងគ្រោះ ដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ រីឯសពជនរងគ្រោះម្នាក់ទៀតត្រូវបានកម្លាំងជំនាញ ប្រគល់ឱ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ត្នោត