កម្មករមួយចំនួន កំពុងទន្ទឹងរង់ចាំ ការផ្ញើសារជូនដំណឹង ពីក្រុមភ្នាក់ងារធនាគារចល័តវីង តាមប្រព័ន្ធទូរសព្ទដៃ ដើម្បីត្រៀមបើកប្រាក់ឧបត្ថម្ភ ដែលប្រកាសដោយរដ្ឋាភិបាល ក្នុងការផ្តល់ជូន ៨០ ដុល្លារ ក្នុងរយៈពេល២ខែនៃការព្យួរការងារ។
កម្មករ-កម្មការិនី មួយចំនួនបានលើកឡើងថា ក្នុងរយៈពេល២ខែនេះ ពួកគេបានទទួលលុយ ដែលជាការឧបត្ថម្ភ ពីខាងថៅកែរោងចក្របានចំនួន៦០ដុល្លារ ហើយថៅកែបានបើកលុយផ្តាច់ឱ្យពួកគេ ក្រោយការប្រកាសព្យួរការងារ។
ដោយឡែក សម្រាប់ការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដែលត្រូវផ្តល់ឱ្យកម្មករ ខណៈពេលព្យួរការងារ គឺក្នុង១ខែ៤០ដុល្លារ ប៉ុន្តែគិតចាប់តាំងពីខែឧសភា រហូតមកដល់ខែកក្តដា ឆ្នាំ២០២០ នេះ កម្មករដែលបំរើការងារនៅក្នុងរោងចក្រ Violet Apparel Cambodia Co. LTD គឺទទួលបានប្រាក់ឧបត្ថម្ភនេះ ត្រឹមតែ២០ដុល្លារនិង១ពាន់រៀលប៉ុណ្ណោះ ក្នុងរយៈពេល២ខែនេះ។
ចូលមកដល់ខែទី៣ ដែលជាខែរោងចក្រកំណត់ឱ្យកម្មករចូលធ្វើការវិញ គឺរោងចក្របានប្រកាសបិទទ្វារ ឈប់ដំណើរការតែម្តង ហើយកម្មករ បានសម្រេចនាំគ្នាធ្វើកូដកម្ម ឈរនៅខាងមុខរោងចក្រ ដើម្បីទាមទារប្រាក់សំណងអតីតភាពការងារ ប្រាក់ជូនដំណឹង និងប្រាក់អត្ថប្រយោជន៍ផ្សេងៗផងដែរ។
បើតាមកម្មករដែលបំរើការងារនៅក្នុងរោងចក្រ Violet Apparel Cambodia បានឱ្យដឹងថា គាត់បានដឹងអំពីលក្ខខណ្ឌ នៃការផ្តល់ប្រាក់ឧបត្ថម្ភរវាងរដ្ឋាភិបាលនិងថៅកែរោងចក្រ។ “ខ្ញុំដឹងថា ខណៈ ពេលព្យួរការងារក្នុង រយៈពេល២ខែនេះ ខាងរោងចក្របានផ្តល់ជូនកម្មករ៦០ដុល្លារ រីឯខាងរដ្ឋាភិបាល ត្រូវផ្តល់ជូន៨០ដុល្លារ”។
កម្មការិនីម្នាក់ទៀតដែលបំរើការងារនៅក្នុងរោងចក្រ Violet Apparel Cambodia បានប្រាប់ដែរថា រោងចក្របានប្រកាសព្យួរការងារតាំងពីខែឧសភា ហើយមកដល់ខែកក្តដានេះ នឹងត្រូវចូល ធ្វើការ វិញ។ “ រោងចក្របានប្រកាសបិទទ្វារ ខណៈពេលកម្មករនាំគ្នាចូលមកធ្វើការវិញ។ ខាងរោងចក្របានប្រកាសផ្តល់សំណងតែ៣ចំណុច ក្នុងចំណោម៥ចំណុចដែលកម្មករទាមទារ។ “លុយអត្ថប្រយោជន៍ដែលរដ្ឋាភិបាលប្រកាស ផ្តល់ឱ្យក្នុង រយៈពេល២ខែនេះ គឺបើកបានត្រឹមតែ២០ដុល្លារនិង១០០០រៀល”។
កម្មការិនីរោងចក្រ Violet Apparel Cambodia ម្នាក់ទៀតបានប្រាប់ដែរថា ប្រាក់ឧបត្ថម្ភ ពីខាងរដ្ឋាភិបាលគឺត្រូវបើកតាមវីង មន្ត្រីក្រសួងការងារបានប្រាប់ថា ពួកគេនឹងផ្ទេរលុយតាមវីង ប៉ុន្តែរហូតមក ដល់ពេលនេះ គឺបានតែ២០ដុល្លារតែប៉ុណ្ណោះ។ “ចូលដល់ខែទី២ ដែលត្រូវបើកលុយ តាមការសន្យារបស់មន្ត្រីក្រសួងការងារហើយ ប៉ុន្តែមិនទាន់ឃើញខាងវីងទាក់ទងមកទេ ហើយសារក៏ អត់ឃើញ លោត តាមទូរសព្ទដូចមុនដែរ”។
កម្មការិនី Violet Apparel Cambodia ម្នាក់ទៀតបានប្រាប់ដែរថា មន្ត្រីក្រសួងការងារធ្លាប់ប្រាប់ថា មកដល់ថ្ងៃទី២៩ នឹងផ្ញើសារម្តងទៀត ប៉ុន្តែមិនទាន់ឃើញទេ សម្រាប់លុយបើកលើកទី២នេះ។”ខ្ញុំសូមអំពាវនាវឱ្យផ្នែកពាក់ព័ន្ធនិងវិវាទការងារ សូមជួយដោះស្រាយឱ្យពួកយើងផង។ ពួកខ្ញុំជំពាក់ថ្លៃផ្ទះគេ២ខែ ខ្ញុំត្រូវចំណាយថ្លៃម្ហូបអាហារ ផ្ទះជួល និងថ្លៃទឹកភ្លើង និងចំណាយផ្សេងៗ ជាដើម”។
បើតាមលោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ក៏បានទទួលព័ត៌មានយ៉ាងដូច្នេះដែរ ពីកម្មករ-កម្មការិនីរោងចក្រ។ លោកអាត់ ធន់ គ្រោងធ្វើការដោះស្រាយបញ្ហានេះ តាមផ្លូវច្បាប់ ដោយធ្វើ ការ ទំនាក់ទំនងទៅក្រសួងការងារ ដើម្បីសាកសួរពីរឿងនេះ។
បើតាមអ្នកនាំពាក្យក្រសួងការងារនឹងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ មិនអាចសុំការបកស្រាយបានទេ ព្រោះលោក មិនលើកទូរសព្ទ។
ជាមួយផងដែរ បើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ កាលពីថ្ងៃទី១៤ កក្តដា បានឱ្យដឹងថា ក្រសួងការងារតែងតែប្រកាសជូនដំណឹង ស្តីការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរនិងទេសចរណ៍ជាបន្តបន្ទាប់ ដែលបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតី នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាលលើកទី១៣។
នៅក្នុងសេចក្តីប្រកាសលើកចុងក្រោយនេះ បានតម្រូវឱ្យកម្មករនិយោជិតចំនួន១៩៧០៤នាក់ នៃរោងចក្រ សហគ្រាសទាំង៦០ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍៕ ដោយ៖ ឃួន លក្ខិណា