ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចាប់បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ពាក់ព័ន្ធករណីដាក់អន្ទាក់ចាប់សត្វព្រៃ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះសៀង សារឿន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអរបួនលើ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ចាប់ឃាត់ខ្លួនបុរសនេះ នៅថ្ងៃទី១៣ ខែកក្កដា នៅចំណុចដៃអូរជីមៀត ស្ថិតក្នុងភូមិអរបួនលើ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃស្រែពក។
សមត្ថកិច្ចដកហូតបានអន្ទាក់ខ្សែកាបចំនួន៣៧ខ្សែ និងម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ចំនួន១គ្រឿង ខណៈកំពុងធ្វើសកម្មភាពដាក់អន្ទាក់ចាប់សត្វព្រៃ ដោយខុសច្បាប់ជាក់ស្តែង។
បច្ចុប្បន្នទាំងវត្ថុតាងម៉ូតូ និងអន្ទាក់ខ្សែ ត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការដែនជម្រកសត្វព្រៃស្រែពក។ ចំណែកជនសង្ស័យខាងលើ ត្រូវបានមន្ត្រីឧទ្យានុរក្ស កសាងសំណុំរឿងបទល្មើសធនធានធម្មជាតិបញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ត្នោត