ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋជាច្រើនគ្រួសារក្នុង ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាននាំគ្នាអាស្រ័យផលនេសាទដែលបានមកពី អាងទឹកត្រពាំងថ្ម ជាពិសេសក្នុងពេលមានវិបត្តិកូវីដ១៩។
ពលរដ្ឋនៅទីនោះបានឲ្យដឹងថា ក្រៅពីផ្គត់ផ្គង់ទឹកសម្រាប់ប្រជាកសិករក្នុងការស្រោចស្រពស្រូវប្រាំង ក៏ដូចជាដំណាំផ្សេងៗ ដល់ប្រជាកសិករក្នុងស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ និងឃុំមួយចំនួន នៃស្រុកស្វាយចេក។ អាងទឹកនេះ ក៏ជារមណីយដ្ឋានទេសចរណ៍ មួយដែលតែងតែមានភ្ញៀវជាតិ-អន្តរជាតិទៅ លេងកម្សាន្តនាពេលបុណ្យទានម្តងៗ ដូចជា បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំជាដើម ។
នៅក្នុងរយៈពេលប្រមាណ៣ខែកន្លងមកនេះ ប្រជាពលរដ្ឋជាច្រើន ក្នុងនោះភាគច្រើនមកពីភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក បានទៅនេសាទត្រីជាលក្ខណៈគ្រួសារ ដោយប្រជាពលរដ្ឋខ្លះគាត់ឈរចាំមើលមាត់ត្រីធំផុសនឹងបង់សំណាញ់ និងខ្លះទៀតដើររុញឈ្នាងយកត្រី កំពឹស ឬក៏កូនត្រីផ្សេងៗ យកទៅលក់បង្កើនជីវភាពគ្រួសារ ដែលមានម៉ូយកណ្តាលទៅពីក្រុងសិរីសោភ័ណ និងខ្លះទៅពីស្រុកបវេល ខេត្តបាត់ដំបង ចាំទិញក្នុងតម្លៃកំពឹស១គីឡូក្រាម៥ពាន់រៀល ។
ពួកគាត់និយាយថា នៅក្នុងអំឡុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩នេះ ពួកគាត់មិនបានចេញទៅរកការងារឆ្ងាយៗទេ ចំណែកឯស្រែស្រូវរបស់ពួកគាត់ក៏ខូចនិងងាប់អស់ព្រោះតែគ្មានទឹកភ្លៀង ។ ដូច្នេះពួកគាត់ខ្លះក៏នាំកូនប្រុស ខ្លះទៀតនាំប្តីមករកត្រីនៅក្នុងអាងទឹកត្រពាំងថ្មនេះ បានត្រីដើម្បីលក់ដូរបន្តិចបន្តួច គ្រាន់បានលុយដោះស្រាយក្នុងជីវភាពគ្រួសារ ៕ ត្នោត