ការិយាល័យចុះបញ្ជីទោចក្រយានយន្ត បានរកឃើញយានយន្តចំនួនជាង៥៤ម៉ឺនគ្រឿង ក្នុងចំណោមយានយន្តចំនួន៥៦ម៉ឺនគ្រឿង មានភាពមិនប្រក្រតី ខណៈពេលមានការចុះបញ្ជី នៅក្រសួងសាធារណការនឹងដឹកជញ្ជូន។
ភាពមិនប្រក្រតីទាំងនោះ ត្រូវបានរកឃើញថា កើតមានការក្លែងបន្លំបង្កាន់ដៃបង់ពន្ធ និងការប្រើប្រាស់អត្តសញ្ញាណបណ្ណ មិនត្រឹមត្រូវផងដែរ។
ជាវិធានការ ក្រសួងសាធារណការ និងក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងាររៀបចំនីតិវិធី និងបែបបទថ្មី ដើម្បីទប់ស្កាត់ភាពមិនប្រក្រតី ខណៈពេលមានការចុះបញ្ជីយានយន្ត នៅក្រសួង។
បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនឹងដឹកជញ្ជូនបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ គ្រោងបង្កើតក្រុមការងារប្រជុំពិភាក្សាគ្នា រៀបចំនីតិវិធី និងបែបបទ ដើម្បីចេញសេចក្ដីណែនាំពាក់ព័ន្ធ នឹងដំណើការផ្ដល់សេវាចុះបញ្ជីទោចក្រយានយន្ត។
ជាមួយគ្នាផងដែរ ក្រសួងសាធារណការ ក៏បានស្នើឱ្យក្រុមហ៊ុនព័ត៌មានវិទ្យា ជួយរិះរកបច្ចេកវិទ្យាណាមួយ ដើម្បីទប់ស្កាត់ការក្លែងបន្លំឯកសារជាដើម៕ ដោយ៖ ត្នោត