ជនសង្ស័យ ៧នាក់ ត្រូវបានចាប់ខ្លួននៅស្រុក Banglamung កាលពីម្សិលមិញពីបទបម្រើការងារល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត។
ប៉ូលិសមួយក្រុមដឹកនាំដោយឧត្តមសេនីយ៍ទោ Panthana Nuchanart មកពីការិយាល័យបង្ក្រាបគ្រឿងញៀននិងលោកវរសេនីយ៍ឯក Patanachai Pamornpiboon អធិការនគរបាលស្រុក Banglamung បានចូលឆែកឆេរផ្ទះមួយនៅឯភូមិ Nong Plalai កាលពីរសៀលថ្ងៃម្សិលមិញ។
ពួកគេចាប់បានបុរសចំនួន ៧នាក់ ដែលមានអាយុចាប់ពី ២២ ដល់ ២៧ឆ្នាំ រឹបអូសបានកុំព្យូទ័រ ៦គ្រឿង និងកុំព្យូទ័រយួរដៃ ៤គ្រឿង។ ប៉ូលិសបានប្រាប់អ្នកសារព័ត៌មាន Pattaya ថាជនល្មើសកំពុងធ្វើការឱ្យគេហទំព័រអ៊ីនធឺណិត“១២៣yes” ។ ជនល្មើសបានប្រាប់ប៉ូលិសថាពួកគេបានធ្វើការឱ្យគេហទំព័រនេះដោយមិនស្គាល់ម្ចាស់ក្រុមហ៊ុន ហើយពួកគេបានអះអាងថាមិនបានស្គាល់សូម្បីតែឈ្មោះ ទីតាំង ឬរបៀបទាក់ទងទៅម្ចាស់ក្រុមហ៊ុនទេ។
ប៉ូលិសស្រុក Banglamung កំពុងបន្តការស៊ើបអង្កេតដើម្បីចាត់វិធានការលើអ្នកផ្សេងទៀតដែលកំពុងផ្សព្វផ្សាយគេហទំព័រល្បែងស៊ីសងតាមអ៊ីនធឺណិតនិងព្រមទាំងព្យាយាមវែកមុខម្ចាស់ក្រុមហ៊ុនដែលបង្កើតគេហទំព័រនេះផងដែរ។ ប្រទេសថៃមានច្បាប់ប្រឆាំងនឹងការលេងល្បែងស៊ីសងយ៉ាងតឹងរឹងបំផុតនៅក្នុងពិភពលោក៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news