ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានចេញសេចក្តីប្រកាស នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ដោយធ្វើការជូនដំណឹង ទៅកាន់ប្រជាពលរដ្ឋ និងនិស្សិតខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រកបអាជីវកម្ម និងសិក្សានៅប្រទេសឡាវ ស្តីពីការបន្តបិទច្រកទ្វារព្រំដែនតំបន់ និងច្រកទ្វារទ្វេភាគី ដោយហាមមិនឱ្យអ្នកដំណើរ និងរថយន្តទំនិញបើកបរឆ្លងកាត់ លើកលែងតែច្រកទ្វារណា ដែលត្រូវបានការអនុញ្ញាត ពីរាជរដ្ឋាភិបាលឡាវ។
យោងតាមសេចក្តីជូនដំណឹងរបស់ឯកអគ្គរាជទូតបានឱ្យដឹងថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 រដ្ឋាភិបាលឡាវ នៅរក្សាបន្តបិទច្រកទ្វារព្រំដែនចេញ-ចូលឡាវ ដែលមានខ្លឹមសារសំខាន់ៗដូចដូចជា៖ បន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ដោយមិនអនុញ្ញាតឱ្យអ្នកដំណើរទូទៅចេញ-ចូល លើកលែងតែជនជាតិឡាវ និងជនជាតិបរទេស ដែលមានធុរៈនិងមានការងារចាំបាច់អាចចេញ-ចូលបាន ប៉ុន្តែត្រូវមានការអនុញ្ញាត ពីគណៈកម្មការគ្រប់គ្រង ការពារ ទប់ស្កាត់ជំងឺ Covid-19។ ចំណែករថយន្តដឹកទំនិញអាចបើកបរឆ្លងកាត់បានជាធម្មតា។
វិធានការខាងលើនេះ មានសុពលភាពចាប់ពីថ្ងៃទី១-៣០ ខែកញ្ញា ឆ្នាំ២០២០ តទៅ៕ ដោយ៖ ឃួន លក្ខិណា