រាជធានីភ្នំពេញ ៖ រឿងមួយដែលកំពុងតែជ្រួលច្របល់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៩ កញ្ញានេះ គឺទាក់ទងនឹងផេកមួយឈ្មោះ Confessions ដែលផ្ដើមសរសេរអំពីរឿងរ៉ាវលួចលាក់ មានស្នេហាត្រីកោណ(មនុស្ស៣នាក់) ប៉ុន្តែមិនបានបញ្ចេញឈ្មោះអោយចំបុគ្គលណាមួយនោះទេ ។
សំណេររបស់ផេក Confessions នេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាចែករំលែកបន្តៗគ្នាយ៉ាងព្រោងព្រាត ដោយក្នុងនោះពួកគេ វិភាគរកមនុស្សទី៣ ចូលជ្រៀតជ្រែកក្នុងជីវិតគ្រួសារគេ ក្នុងរឿងស្នេហាត្រីកោណនោះ ដោយដាក់រូបភាព២សន្លឹក គឺរូប «ក្រមា និងសាលាដ» នៅតែមិនសរសេរចំឈ្មោះដដែល ។
រូបភាព២សន្លឹកនេះហើយ ធ្វើអោយមិត្តភក្តិ ក៏ដូចអ្នកគាំទ្រតារាខ្មែរជាច្រើន មានការជ្រួលច្របល់យ៉ាងខ្លាំង ដោយគិតថា «រូបក្រមា»នោះ អាចជា រាជិនីក្រមា គឺតារាសម្ដែង មាន សូនីតា និង«រូបសាលាដ» ទំនងជាតារាសម្ដែង សាឡាត់ ស្រីឡាង ។ រហូតមានអ្នកក្លាហានខ្លះ បញ្ចេញមតិ ធ្វើការវាយប្រហារចំៗ ទៅលើកញ្ញា មាន សូនីតា យ៉ាងដូច្នេះថា «រកឃើញហើយ នេះមែនទែនហើយ… អញថាមែន… មីពួកតារាតែអ៊ីចឹង… ខ្វះប្តីមែន បានយករបស់គេ… » ។
អ្នកលេងអ៊ីនអឺណេត បានចោទប្រកាន់ មិនមានការពិតបែបនេះ ធ្វើអោយកញ្ញា មាន សូនីតា មានប្រតិកម្មយ៉ាងខ្លាំង ហើយហៅ ផេកហ្វេសប៊ុកឈ្មោះ Confessions ថាជាកន្លែងដើមហេតុ ។
រាជិនីក្រមា មាន សូនីតា បានសរសេរសារបង្ហោះ នៅម៉ោង១១និង០៣នាទីព្រឹកថ្ងៃទី៩ កញ្ញានេះថា មានទាំងស្រុងដូចខាងក្រោម៖
ជូនចំពោះអ្នកក្លាហានវិភាគសង្គម ហ្វេសប៊ុក facebook ទាំងឡាយ!
ខ្ញុំបានទទួលសារ និងការទាក់ទងពីមិត្តភក្តិ អ្នកគាំទ្រច្រើនមែនទែន ប្រាប់ខ្ញុំពីរឿងដែលអ្នកក្លាហានវិភាគសង្គមហ្វេសប៊ុក កំពុងជ្រួលច្របល់ លើហ្វេសប៊ុកថ្ងៃនេះ ។ រួចខ្ញុំក៏ចូលមើលផេក Confessions ដែលជាកន្លែងដើមហេតុ ។ មិនគួរអោយជឿ ថាសង្គមយើង ប្រជាជនយើង (ចំពោះតែមនុស្សប្រភេទហ្នឹង) មិនមានការគិតទាល់តែសោះ លឿនហួសការស្មាន !
មិនចប់ត្រឹមហ្នឹងទេ អ្នកទាំងនោះបានសរសេរ comment មកលើរូបភាព ដែលនាងខ្ញុំបានបង្ហោះ ពេលថ្ងៃត្រង់នេះទៀត ហើយកំពុងតែចូលលុកលុយ នៅការផុសចាស់ៗរបស់ខ្ញុំថែមទៀត សុទ្ធតែ «រកឃើញហើយ នេះមែនទែនហើយ… អញថាមែន… មីពួកតារាតែច្ចឹង…ខ្វះប្តីមែន បានយករបស់គេ… » ច្រើន មហាច្រើន! ប្លែកចំលែកភ្នែក សឹងតែមិនជឿថា អ្នកហ៊ានពេក !
សំណួរទី១ សួរថា អ្នកប្រាកដចិត្តម្ល៉េះ ? សរសេរ comment ផង ចែករំលែកផង ហ្នឹងចោទប្រមាថទំលាក់កំហុសមកខ្ញុំ ចង់បានអ្វី ? ដឹងនេះ ដឹងជាងខ្ញុំខ្លួនឯងទៀត! ឯណាភស្តុតាង ? ឬតាមគេ តាមឯង ?
សំណួរទី២ សួរថា អ្នកប្រាកដអត់ថា រឿងដែលបងស្រី ឬប្អូនស្រីម្នាក់នោះ ចែករំលែកលើផេក Confessions ហ្នឹង ជារឿងពិត ? ចុះបើវាគ្រាន់តែជាការសរសេរចេញពីការស្រមើស្រម៉ៃរបស់អ្នកនិពន្ធម្នាក់នោះ ? ចុះបើការសរសេរនោះ គ្រាន់តែជារឿងប្រឌិត ដើម្បីទទួលបាន ការចាប់អារម្មណ៍ ? អ្នកមានគិតចំពោះចំណុចនេះទេ ?
សំណួរទី៣ សួរថា ម្ចាស់ផេក Confessions នឹងមានវិធានការបែបណា នៅពេលការបង្កើតទំព័ររបស់អ្នក បានក្លាយជាស្ពានបំផ្លាញអ្នកមិនដឹងអី និងមិនមានកំហុសដូចខ្ញុំ ? គិតថា បង្ហោះមិនទទួលខុសត្រូវហ្នឹង ចប់ហើយ ? ស្រួលម្ល៉េះ !! អ្វីជាគំនិតក្នុងការបង្កើតផេកហ្នឹងឡើង ? មានបំណងអ្វី ?
សំណួរទី៤ សួរថា អ្នករាល់គ្នា ដែលចូលរួម អ្នកអត់មានរបស់មួយ (ដុំមួយ) ។ ខ្ញុំចង់និយាយពីរបស់មួយដុំ ដែលមានវត្តមាននៅក្នុងក្បាលរបស់អ្នក ។ បានចេះតែហ៊ាន មិនប្រមាណខ្លួន ។ កុំបណ្តោយអោយការលេងសើចរបស់អ្នក មកសម្លាប់មនុស្សដែលមិនមានកំហុស ។ នេះធ្លាក់មកខ្ញុំ ផ្លូវចិត្តខ្ញុំរឹងមាំ ព្រោះខ្ញុំដឹងថា ខ្ញុំជាអ្នកណាអោយប្រាកដ ខ្ញុំចេះគ្រប់គ្រងអារម្មណ៍ ។ ចុះបើធ្លាក់លើអ្នកផ្សេង មានផ្លូវចិត្តខ្សោយជាងហ្នឹង គាត់អាចនឹងគិតខ្លី ធ្វើអ្វីដែលមិនល្អចំពោះខ្លួនឯងទៅ អ្នកសប្បាយអរមែន ? ហេតុអ្វីក៏ចោរម្សៀតម៉េស ? ហេតុអ្វីក៏អាត្មានិយមម្ល៉េះ ? អ្នកទាំងអស់គ្នា ពិតជាក្លាហានណាស់ ខ្ញុំសុំសរសើរអស់ពីបេះដូង ។ អ្នកហ៊ាននិយាយហួសពីអ្វី ដែលអ្នកគិតថា អ្នកមាន ។
ខ្ញុំ មាន សូនីតា ជាតារាសម្ដែង Actress និងអ្នកជំនួញម្នាក់ មានមុខរបរអាជីពត្រឹមត្រូវ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ អោយរហ័សនាមថា «រាជិនីក្រមា» ។ ខ្ញុំមានវត្តមាន នៅក្នុងសង្គមសិល្បៈនេះ ១០ឆ្នាំមកហើយ សម្រាប់អ្នកគាំទ្រ ខ្ញុំដឹងច្បាស់ណាស់ថា អ្វីដែលជាគោលចំហរ ជាតម្លៃជីវិតរបស់ខ្ញុំ ចំពោះការងារ (អាជីព) មួយនេះ ។ អ្វីដែលខ្ញុំមាន មកដល់សព្វថ្ងៃ សុទ្ធសឹងចេញពីការខំធ្វើការទាំងអស់ This is all hard work ! កុំមកចោទខ្ញុំនេះ នោះ ទាំងអ្នកមិនមែនជាខ្ញុំ!
ខ្ញុំជាតារាសម្ដែងមែនពិត តែខ្ញុំមិនសម្ដែងជាមួយជីវិតពិតរបស់ខ្ញុំទេ ។ ខ្ញុំ មិនបានសម្ដែងជាតួកំប្លែង ជាមួយអ្នកទាំងអស់គ្នាទេ។ ហើយរឿងរបស់អ្នក ដែលបានសរសេរនេះ មិនកំប្លែងលេងទេ តែជាវិនាសកម្មមួយចំពោះសង្គមរបស់យើង ។
ខ្ញុំសុំទោសមែនទែន ដែលខ្ញុំនឹងមិនមានពេលចូលរួម ឆ្លើយឆ្លងជាមួយអ្នករាល់គ្នាឡើយ ព្រោះខ្ញុំមិនទំនេរ បង្ករឿង បំពុលសង្គមដូចអ្នករាល់គ្នាទេ ។ សុំអោយវគ្គ ដែលសរសេរមានវត្តមានខ្ញុំ សុំចប់ត្រឹមនេះ ។ តែបើអ្នកមិនបញ្ចប់ទេ អ្នកណាមួយ នៅតែក្លាហាន ចោទ ទម្លាក់ បរិហារកេរ្តិ៍នាងខ្ញុំ ដោយប្រើប្រាស់ឈ្មោះ ឬចូលមកសរសេរ ដាក់រូបនាងខ្ញុំនោះ ខ្ញុំសុំអោយឈ្មោះថា «នាងកន្លាត ឬ ពួកកន្លាត» ប្រភេទសត្វរស់អោយបាន តែរស់គ្មានប្រយោជន៍អ្វីសោះ ហើយស្អុយ គ្មានអនាម័យ ! ហើយលើសពីហ្នឹងទៀត ខ្ញុំនឹងចាត់វិធានការតាមច្បាប់ ។ កុំចេះតែហ៊ានលេង ជាមួយតម្លៃ និងជីវិតរបស់អ្នកដទៃ បើអ្នកមិនដឹងការពិត ។
អូ មួយទៀត ! ចំពោះសំណួរមួយទៀត សួរថា «យករបស់គេហើយ បានមិនដែលបង្ហាញមុខដៃគូរស្នេហាសោះ… » ខ្ញុំចង់ប្រាប់ថា ខ្ញុំជាបុគ្គលសារធារណៈ (Public Figure) មែន ជាតារាសម្តែងមែន តែខ្ញុំមិនសម្ដែងជាមួយជីវិតពិតរបស់ខ្ញុំទេ (សុំនិយាយម្តងទៀត) ជីវិតស្នេហារបស់ខ្ញុំ ជាជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ និងដៃគូរខ្ញុំ ។ ពីរនាក់ខ្ញុំស្រលាញ់គ្នា មិនចាំបាច់ត្រូវតែបង្ហោះ ដើរប្រាប់គេឯងនោះទេ បានថា យើងស្រលាញ់គ្នា ឬក៏ដើម្បីបង្ហាញថា ខ្ញុំពិតជាមិនយករបស់គេមែន ។ ខ្ញុំមានសិទ្ធ លើការសម្រេចចិត្តរបស់ខ្ញុំ តែខ្ញុំមិនបាន និងមិនបំផ្លាញ រំលោភសិទ្ធិ បុគ្គលណាមួយឡើយ ។
ចំពោះអ្នកគាំទ្រពិត អរគុណចំពោះការគាំទ្រ អាណិត ស្រលាញ់ ។ អរគុណដែលតែងតែនៅជាមួយខ្ញុំរហូតមក ។ ដោយសេចក្តីគោរពពី សូនីតា៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព