ប៉ូលិសបាននិយាយថា មានបុរសមីយ៉ាន់ម៉ាចំនួន ៦នាក់ ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃចន្ទបន្ទាប់ពីពួកគេមានរឿងឈ្លោះប្រកែកគ្នានិងបណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់កាលពីថ្ងៃអាទិត្យនៅក្នុងហាងមួយ។
លោកវរសេនីយ៍ទោ Arthit Simcharoen ប្រធានប៉ូលិសSamrong Nua បាននិយាយថាហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃអាទិត្យ ខណៈពេលដែលពលករអន្តោប្រវេសន៍ជនជាតិមីយ៉ាន់ម៉ាម្នាក់ឈ្មោះ Maung Tho Phe អាយុ ១៩ឆ្នាំត្រូវបានគេចាក់នឹងកាំបិតបណ្តាលឱ្យរងរបួសធ្ងន់ហើយស្លាប់នៅនឹងកន្លែងតែម្តង។ តាមប្រភពប៉ូលិសបានឱ្យដឹងថា ជនដៃដល់ជាជនជាតិមីយ៉ាន់ម៉ាមានគ្នាចំនួន ៦នាក់។ ក្រោយការស៊ើបអង្កេតប៉ូលិសអន្តោប្រវេសន៍និងនគរបាល Samrong Nua ចាប់បានជនល្មើសម្នាក់នៅឯតំបន់ Soi Phahon Yothin ៤៨ នៃទីក្រុងបាងកកកាលពីយប់ថ្ងៃអាទិត្យ។ បន្ទាប់ពីចាប់បានជនល្មើសម្នាក់រួមទាំងការសាកសួរចម្លើយ រូបគេបានផ្តល់ព័ត៌មានអំពីជនល្មើសចំនួន ៥នាក់ទៀតផងដែរ។ ជនល្មើសទាំង ៦នាក់មានអាយុចន្លោះពី ២០ ដល់ ២៩ឆ្នាំ ត្រូវបាននាំខ្លួនមកប៉ុស្តិនគរបាល Samrong Nua ដើម្បីសួរចម្លើយ។ ពួកគេបានសារភាពថា កាលពីថ្ងៃអាទិត្យពួកគេបានទៅហាងមួយ ហើយបានជួបជនរងគ្រោះ។ ភាគីទាំងពីរបានទាស់ពាក្យសម្តីគ្នាដែលនាំឱ្យមានការវាយតប់គ្នា។
ក្នុងចំណោមពួកគេមានជនល្មើសឈ្មោះ Win Thun Aung អាយុ ២០ឆ្នាំ បានដកកាំបិតមកចាក់លើជនរងគ្រោះ។ បន្ទាប់ពីឃើញជនរងគ្រោះដួលទៅនឹងដី អ្នកទាំង៦នាក់ បានភៀសខ្លួនរត់បាត់ទៅ។ ជនល្មើសទាំង ៦នាក់ ត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាលើរាងកាយដែលបណ្តាលឱ្យអ្នកដទៃស្លាប់ និងពីបទកាន់អាវុធខុសច្បាប់នៅទីសាធារណៈ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post