Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អភិបាលខេត្ត​ព្រមាន​ចាត់ការ​តាម​​ច្បាប់ ជន​បំពាន​យកដី​រដ្ឋ​នៅ​ស្រុក​​សំឡូត

ខេត្តបាត់ដំបង​៖ អភិបាលខេត្ត​បាត់ដំបង លោក ងួ​ន រតនៈ បាន​ចេញ​សេចក្ដីជូនដំណឹង​ជា​បន្ទាន់​មួយ កាលពី​ថ្ងៃ​ទី​០៨ កញ្ញា ដែល​មាន​លាយឡំ​នូវ​ខ្លឹមសារ​ហាមឃាត់​ការ​កាប់​ទន្ទ្រាន​យក​ដី​រដ្ឋ​ផង និង​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវ​តុលាការ​ផង ចំពោះ​ពលរដ្ឋ​ទាំង​ឡាយ​ណា ដែល​បាន​និង​កំពុង​ធ្វើ​សកម្មភាព​កាប់​រុករាន​ព្រៃ​ថ្មី នៅ​ក្នុងភូមិ​សាស្ត្រ​មួយ​ចំនួន​ក្នុងស្រុក​សំឡូត​។ ប៉ុន្តែ​លោក​អភិបាលខេត្ត ហាក់​មិន​ទាន់​ប្រតិកម្ម​ដល់​មន្ត្រី​មូល​ដ្ឋាន​មួយ​ចំនួន ដែល​គេ​សង្ស័យ​ថា ជា​អ្នក​នៅ​ពីក្រោយ នៃ​ចលនា​កាប់​ទន្ទ្រានព្រៃ​វាទ​យក​ដី​រដ្ឋ​នេះ​នៅឡើយ​ទេ បើ​ទោះជា​ឈ្មោះ​មន្ត្រី​ខិលខូច​មួយ​ចំនួន ត្រូវ​បាន​គេ​ហែក​ទម្លាយ​ពេញ​បណ្ដាញ​សង្គម​យ៉ាង​ចំហរ​ក្ដី​។

សេចក្ដីជូនដំណឹង​លេខ ១៩៦៣.២០​ស​ជ​ណ ចុះ​ថ្ងៃ​ទី​០៨ កញ្ញា ឆ្នាំ​២០២០ លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​និយាយ​អំពី « ការ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ លើ​ករណី​ការ​កាប់​ទន្ទ្រាន​ថ្មី ការ​ឈូស​ឆាយដី​ព្រៃ និង ការ​តាំង​លំនៅ​ឋាន​ថ្មី​មិន​ស្របច្បាប់ នៅ​ក្នុង​តំបន់ការពារធម្មជាតិ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង តំបន់​ប្រើប្រាស​ច្រើន​យ៉ាង​សំឡូត » ស្ថិត​ក្នុងភូមិ​សាស្ត្រ ស្រុក​សំឡូត​។

បើ​យោង​លើ​ខ្លឹមសារនៃ​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​នេះ លោក​ងួ​ន រតនៈ ហាក់​បានដឹង​សព្វគ្រប់ និង​យ៉ាង​ប្រាកដ​អំពី​ចលនា​កាប់​រុករាន​ព្រៃ នៅ​ក្នុង​តំបន់ហាមឃាត់​ខាងលើ​នេះ​។ លោក​បាន​ស្ដីបន្ទោស​ដោយ​ចំហ​ទៅ​លើ​ពលរដ្ឋ​ថា «​ជា​អ្នក​រំលោភ​បំពាន​ដី​រដ្ឋ តែ​គ្មាន​ប៉ះពាល់​ដល់​មន្ត្រី​សូ​ម្បី​ម្នាក់​»​។ លោក​អភិបាលខេត្ត បាន​ថ្លែង​ថា « ប្រជា​ពលរដ្ឋ​មួយ​ចំនួនបាន​បន្ត​ទន្ទ្រាន​ដី​ព្រៃ​ថែម​ទៀត តាម​រយៈ​ការ​ឈូស​ឆាយ​ពង្រីក ការ​កាប់​រាន ឬ ការ​តាំងទី​លំនៅ​ថ្មី​មិន​ស្របច្បាប់​។ លោក​បាន​ព្រមាន​នូវ​សកម្មភាព​នេះ​យ៉ាង​ដូច្នេះ​ថា​«​រដ្ឋបាល​ខេត្ត​មិន​ទ​ទូល​ស្គាល់​នូវ​រាល់​ទិន្នន័យ​ទាំងឡាយ​ណា ដែល​កើត​ដោយសារ​ការ​រុករាន​ថ្មី​នេះ​ឡើយ ទោះ​នៅ​ក្នុង​រូបភាព​ណា​ក៏​ដោយ​»​។សូម​បញ្ជាក់​ថា ការ​សម្រេច​ចេញ​សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​ខេត្ត​យ៉ាង​តក់ក្រហល់​នេះ ត្រូវ​គេ​កត់​សម្គាល់ថា បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ជនខិលខូច​មួយ​ចំនួន បាន​ធ្វើ​សកម្មភាព​កាប់​ទន្ទ្រានព្រៃ​ថ្មី​ៗ​យ៉ាង​អនាធិ​ប​តេ​យ្យ នៅ​ក្នុង​«​តំបន់ការពារធម្មជាតិ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​» ត្រង់​ចំណុច​«Y» ដែល​ស្ថិត​នៅ​ក្នុងភូមិ​កំពង់​ល្ពៅ ឃុំ​កំពង់​ល្បៅ ស្រុក​សំឡូត​។ មិនតែប៉ុណ្ណោះ​ ជន​ទុច្ចរិត​ខ្លះ​ហ៊ាន​ប្រើប្រាស់​គ្រឿងចក្រ​ឈូស​ឆាយដី​ព្រៃ​នោះ​យ៉ាង​គ​គ្លើ​ន​ទៀត​ផង ដែល​គេ​សង្ស័យ​ថា អាច​មាន​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុងស្រុក​នេះ​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​។ ចលនា​រំលោភ​បំពាន​ដី​សាធារណៈ​របស់​រដ្ឋ ដែល​​ការពារ​ដោយ​ក្រសួងបរិស្ថាន​នេះ បាន​ចាប់ផ្ដើម​ផុសផុល​កាន់តែ​ខ្លាំង នៅ​ក្នុង​រយៈ​ពេល​ជាង​មួយ​ខែ​កន្លង​ទៅ​នេះ​។

ប៉ុន្តែ​បង្ក​ឲ្យ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​កាន់តែ​ខ្លាំង ​រវាង​ក្រុម​អ្នកកា​ប់រាន​ដី​រដ្ឋ ជាមួយ​ក្រុម​មន្ត្រី​បរិស្ថាន​ដែល​ឈរជើង​នៅ​ទីនោះ បាន​កើតឡើង​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​នៅ​ពេល​ក្រុម​មន្ត្រី​ចុះ​ទៅ​រារាំង​ចលនា​នេះ​។ ក្រុម​អ្នកកា​ប់រាន​ព្រៃ​បាន​លើកគ្នា​ទៅ​កាត់​ខ្សែរ​ចង​តង់​កៅស៊ូ​របស់​មន្ត្រី​បរិស្ថាន ហើយ​ថែម​ទាំង​បណ្ដេញ​ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នេះ​ឲ្យ​រុះរើ​តង់​ចេញពី​តំបន់​នោះ​ទៀត​ផង​។ នេះ​បើ​តាម​ការ​អះអាង​ពី លោក កត បូរាណ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ដែល​បាន​ប្រាប់​កោះសន្តិភាព នៅ​ក្នុង​ពេល​ក្រុម​មន្ត្រី​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ខ្លាំង​ជាមួយ​ក្រុម​ប៉ុនប៉ង​លួច​ដី​រដ្ឋ​។ លោក កត បូរាណ បាន​បញ្ជាក់​ថា អ្នក​កាប់​ទន្ទ្រានព្រៃ​នៅ​តំបន់​ការពារ​ចំណុច​«Y» នេះ ភាគច្រើន​ជា​មនុស្ស​មិន​ស្ថិត​នៅ​ក្នុង​មូលដ្ឋាន ហើយ​អាច​មាន​មេខ្លោង​នៅ​ពីក្រោយ​ខ្នង ហើយ​មេខ្លោង​នោះ​អាច​ជា​មន្ត្រី​ខិលខូច​នៅ​ក្នុងស្រុក​នេះ​តែ​ម្ដង​។

ស្រប​ពេល​ដែល​ប្រធាន​មន្ទីរ​បរិស្ថាន​បង្ហើប​ឲ្យ​ដឹង​ពី​តម្រុយនៃ​មេខ្លោង​នៅ​ពីក្រោយ​ការ​កាប់​រាន​ព្រៃ​នេះ អត្តសញ្ញាណ​ជាក់លាក់ នៃ​មន្ត្រីរាជការ​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋបាល​ស្រុក​សំឡូត ដែល​គេ​អះអាង​ថា​«​ជា​អ្នក​នាំ​អា​ទ៏​ឲ្យ​មានការ​រំលោភ​បំពាន​យក​ដី​រដ្ឋ​» ត្រូវ​បាន​គេ​លាតត្រដាង​បង្ហាញ​ពាសពេញ​ក្នុង​បណ្ដាញ​សង្គម​នានា​។ កាលពី​ថ្ងៃ​ទី​០៧ កញ្ញា អា​ខោ​ន​ហ្វេ​ស​ប៊ុ​កមួយ​ដែល​មានឈ្មោះ​ថា​« យុវជន សន្តិភាព » បាន​សរសេរ​បង្ហោះ​យ៉ាង​លំអិត​អំពី​សកម្មភាព​ជនខិលខូច​កាប់​ទន្ទ្រានព្រៃ​របស់​រដ្ឋ​នេះ​។

បណ្ដាញ​សង្គម​ឈ្មោះ​«​យុវជន សន្តិភាព​» បាន​ពិ​ព័រ​ណ៌នា​អំពី​សកម្មភាព​ក្រុម​ជន​ខិល​ខូច រួម​ទាំង​មន្ត្រី​គ្រាប់​ល្ពៅ​មួយ​ចំនួន​ផង ដែល​បាន​កាប់​ឆ្ការទន្ទ្រាន​កាន់កាប់​ដី​ព្រៃរបស់​រដ្ឋ​ខុសច្បាប់ នៅ​ក្នុង​«​តំបន់ការពារធម្មជាតិ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​»​ស្រុក​សំឡូត​។ យុវជន សន្តិភាព បាន​ចង្អុលមុខ​ពួក​មន្ត្រី​ខិលខូច​ចំ​ៗ​តែ​ម្ដង ដែល​មាន​ម​ហិ​ច្ឆិ​តា​លោភលន់​ច្បាម​យក​ដី​រដ្ឋ​។ មន្ត្រី​ដែលយុវជនសន្តិភាព បាន​លាតត្រដាង​ឈ្មោះ​ជា​សាធារណៈ​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​នោះ​រួម​មាន​៖ លោក តុល ភ​ន អភិបាលរង​ស្រុក​សំឡូត​, លោក ឡា​ច ហម មេឃុំ​កំពង់​ល្ពៅ​, លោក គឹ​ម សឺ​ន ប្រធាន​ភូមិ​កំពង់​ល្ពៅ​, លោក សួន ជូន អនុប្រធាន​ភូមិ​កំពង់​ល្ពៅ​, លោក គឹ​ន ម៉ៃ ប្រធាន​ភូមិ​អូរ​ដើម​ចេក និង លោក កោ ស៊ុន​កាំ​ង អធិការ​ស្រុក​សំឡូត ដែល​មាន​ប្រវត្តិ​អាស្រូវ​បំផុត ទាំង​រឿង​រាវ​នៅ​ក្នុង​អង្គភាព ទាំង​រឿង​ដីធ្លី​។

ក្រុម​មន្ត្រី​ទាំង​ប៉ុន្មាន​នាក់​នេះ ត្រូវ​បាន​«​យុវជន សន្តិភាព​» ដកស្រង់​សំដី​បន្ត​ពី​ពលរដ្ឋ​ថា​«​ក្រុម​មន្ត្រី​នេះ បាន​ដើរ​ប្រ​ម៉ែ​ប្រមូល​ហៅ​ពលរដ្ឋ​ឲ្យ​ចូលរួម​តវ៉ា​ ដើម្បី​ទ​ទូល​បាន​ដី​នេះ ដែល​ធ្វើ​ឲ្យ​ចលនា​វាទ​យក​ដី​រដ្ឋ​នេះ​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ក្នុង​ការ​តវ៉ា​។ ពួក​គេ​បាន​យក​បង្គោល​ទៅ​បោះ​ព្រំ​ដី យក​ត្រាក់ទ័រ​ទៅ​ឈូស​ឆាយ​ព្រៃ ហើយ​បញ្ជា​ឲ្យ​មន្ត្រី​ឧទ្យាន​នុ​រក្ស​រើ​ទីស្នាក់ការ​ចេញ​មិន​ឲ្យ​យាម និង ប​ញ្ឍ​ប់​ការ​ដើរ​ល្បាត​នៅ​តំបន់​នោះ​បន្ត​ទៀត​ផង​ដែរ​»​។

កោះសន្តិភាព មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ប៉ុន្មាន​រូប​ខាងលើ​នេះ​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា​នេះ ជុំវិញ​ការ​ចោទប្រកាន់​ពី​បណ្ដាញ​សង្គម​«​យុវជន​សន្តិភាព​»​។ ប៉ុន្តែ​លោក សើ សា​ម៉េ​ត អភិបាលស្រុក​សំឡូត ធ្លាប់​បាន​ឆ្លើយ​ការពារ​រួច​ហើយ កាលពី​អំឡុង​ខែកក្កដា​កន្លង​ទៅ ដោយ​លោក​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា​«​គ្មាន​មន្ត្រី​ណា​ម្នាក់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​រាន​ព្រៃ​នៅ​ចំណុច​«Y»​ខាងលើ​នេះ​ទេ​។ ដោយឡែក មេឃុំ​កំពង់​ល្ពៅ លោក ឡា​ច ហម ក៏​បាន​បដិសេធ​យ៉ាង​ជាក់លាក់​ថា លោក​ក៏​មិន​បាន​ចូលរួម​កាប់​រាន​ព្រៃ​ត្រង់​ចំណុច​ខាងលើ​ដែរ នៅ​ពេល​លោក​បាន​ផ្ដល់​បទ​សម្ភាស​ន៏​ជាមួយ​វិទ្យុជាតិ​ចំការ​។ លោក​មេឃុំ​រូប​នេះ​បាន​ទម្លាក់​កំហុស​នេះ​ទាំងស្រុង​ទៅ​លើ​ពលរដ្ឋ​ចំនួន​៣០០​គ្រួសារ នៅ​ភូមិ​អូរ​ដើម​ចេក និង ភូមិ​កំពង់​ល្ពៅ​ថា​«​ជា​អ្នក​កាប់​ទន្ទ្រានព្រៃ​នៅ​តំបន់​នោះ បើ​ទោះជា​លោក​ខំ​រារាំង​ក៏​ពលរដ្ឋ​មិន​ស្ដាប់​ដែរ​»​នៅ​ក្នុង​កិច្ច​សម្ភាស​ន៏​លោក​មេឃុំ​ក៏​បាន​សុំ​ឲ្យ​ខាង​វិទ្យុជាតិ​ជួយ​ទប់ស្កាត់​ផង​ដែរ​។

ប៉ុន្តែ​ការ​បំភ្លឺ​របស់​លោក​ឡា​ច ហម ប្រាប់​ «​វិទ្យុជាតិ​ចំការ​ចេក​»​ នេះ ត្រូវ​បាន​ប្រភព​នានា នៅ​ក្នុងស្រុក​សំឡូត ដែល​បានដឹង​រឿង​នេះ​ព្រាល​ៗ​ដែរ បាន​រិះគន់​ចំ​ៗ និង បាន​ហៅ​ការ​បំភ្លឺ​របស់​លោក​មេឃុំ​រូប​នេះ​ថា ជា​ចម្លើយ​ដោះ​យករួចខ្លួន និង គ្មាន​ការ​ទ​ទូល​ខុស​ត្រូវ​។ ប្រភព​នេះ​បាន​បញ្ជាក់​ថា តាម​ពិត​ក្រុម​មន្ត្រី​ខិលខូច​ខ្លះ បាន​ឃុម​ឃិ​ត​គ្នា​យ៉ាង​រលូន​ក្នុង​ការ​ចាប់​ច្បាម​យក​ដី​រដ្ឋ​។​ពួក​គេ​បាន​បំផុស​ឲ្យ​ពលរដ្ឋ​ងើប​ជួយ​តវ៉ា ដោយ​បញ្ឆោត​ពលរដ្ឋ​ថា អាច​នឹង​បាន​ដី​នៅ​ទីនោះ​ម្នាក់​មួយ​ប្លង់ តែ​តាម​ពិត​ពួក​គេ​(​មន្ត្រី​)​បាន​នាំ​គ្នា​បោះ​បង្គោល​ព្រំ​លើ​ដី​នៅ​ជាប់​ផ្លូវជាតិ ចែក​គ្នា​រួច​ស្រេច​អស់​ទៅ​ហើយ​។ លុះ​ពេល​មាន​បញ្ហា​កើ​ឡើង ពួក​គេ​ដើរ​បំផុស​ឲ្យ​ពលរដ្ឋ​ចូលរួម​តវ៉ា ឬ រុញ​ពលរដ្ឋ​ឲ្យ​ប្រឈម​មុខជា​មួយ​រដ្ឋាភិបាល រីឯ​ពួក​គេ​ឈរ​ជា​បង្អែក​នៅ​ខាងក្រោយ​។ បើ​ពិ​និ​និត្យ​ជាក់ស្ដែង​មាន​ពលរដ្ឋ​តិច​ណាស់​ដែល​មាន​ចំណែក​ដី​ព្រៃ​នៅ​ទៅ​នោះ ហើយ​បើ​មាន​ក៏​ពលរដ្ឋ​គ្មាន​លទ្ធភាព​ចាប់​បាន​ដី​នៅ​ខាង​មុខ​ជាប់​ផ្លូវជាតិ​ដែរ​។ នេះ​គ្រាន់តែ​ជា​ការ​បោកប្រាស​របស់​ពួក​មន្ត្រី​ខិលខូច​តែ​ប៉ុណ្ណោះ​។

លោក កត បូរាណ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​បញ្ជាក់​ដដែល​ៗ​រួច​ហើយ​ថា ពេល​នេះ​មន្ត្រី​របស់​លោក​មួយ​ក្រុម​កំពុង​បោះជំរុំ​ដេក​យាម​ដី​នៅ​ចំណុច​«Y»​នោះ​នៅឡើយ ដោយ​មិន​អនុញាត​ឲ្យ​ជនខិលខូច​ណា​លួច​បោះបង្គោល​ឬ​លួច​ចូល​កាប់​ព្រៃ​ទៀត​ទេ​។ មិនតែប៉ុណ្ណោះ លោក​បាន​ប្ដេជ្ញា​ថា នឹង​ធ្វើការ​រឹបអូស​យក​ដី​ទាំងអស់​ដែល​ជន​មួយ​ចំនួន​កាប់​រាន​យក​នៅ​ក្នុង​«​តំបន់ការពារធម្មជាតិ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​» មក​ជា​សម្បត្តិ​រដ្ឋ​វិញ ដោយ​មិន​អនុញាត​ឲ្យ​បុគ្គល​ណា​ម្នាក់​យក​ដី​តំបន់​អភិរក្ស​នោះ​ធ្វើ​ជា​កម្ម​សិទ្ធ​ឯកជន​ឡើយ​។

អភិបាលខេត្ត​បាត់ដំបង លោក ងួ​ន រតនៈ បាន​ថ្លែង​នៅ​ក្នុង​សេចក្ដីជូនដំណឹង​របស់​លោក​ថា ពលរដ្ឋ​មួយ​ចំនួន​ដែល​កាប់​ទន្ទ្រានព្រៃ​នៅ​តំបន់​ខាងលើ​នេះ គឺ​ធ្វើ​ឡើង ស្រប​ពេល​ដែល​ក្រុមការងារ​ថ្នាក់​ជាតិ​ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន សហការ​អនុវត្ត​ដោយ​ក្រុមការងារ​ចម្រុះ​ខេត្ត បាន​និង​កំពុង​ចុះ​ធ្វើ​អត្តសញ្ញាណ​កម្ម​មនុស្ស និង អត្តសញ្ញាណ​កម្ម​ដី ដើម្បី​ពិនិត្យ​លើក​យោបល់​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ដីធ្លី នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​សំឡូត ​។

ប៉ុន្តែ​នៅ​ក្នុង​ស​ជ​ណនោះ​ លោក​អភិបាលខេត្ត ហាក់​មិន​បាន​និយាយ​ប៉ះពាល់​ទៅ​លើ​មន្ត្រី​ណា​ម្នាក់ ដែល​ជាប់​សង្ស័យ​នឹង​ការ​រំលោភ​បំពាន​ដី​រដ្ឋ​ទេ គឺបាន​ស្ដីបន្ទោស​តែ​ទៅ​លើ​ពលរដ្ឋ​មួយ​ចំនួន​ប៉ុណ្ណោះ​។ យ៉ាងណា​ក៏​ដោយ លោក​អភិបាលខេត្ត បាន​អំ​នាវ​ឲ្យ​

បញ្ឈប់សកម្មភាព​ផង និង បាន​ព្រមាន​ផង​ថា រដ្ឋបាល​ខេត្ត សូម​ធ្វើការ​ហាមឃាត់​ដាច់​ខាត និង ត្រូវ​ចាត់វិធានការ​តាម​ច្បាប់ ដោយ​មិន​លើក​លេង​ឡើយ ក្នុង​ករណី​ប្រជា​ពល​រដ្ឋ​ឋ​ណា​រឹងរូស ឬ តបត​ដោយ​ហឹ​ង្សា​រ​ណាមួយ ពេល​ដែល​មន្ត្រី​ឧទ្យាន​នុ​រក្ស​ចុះ​អនុវត្ត​សេចក្ដីជូនដំណឹង​នេះ​៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9674484