Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សភា​កម្ពុជា​ចូលរួម​ពិភាក្សា​សេចក្ដី​ព្រាង​សេចក្ដីសម្រេច​ការទូត​សភា​សម្រាប់​សន្តិភាព និង​សន្តិសុខ​ប្រកបដោយ​ចីរភាព​ក្នុង​តំបន់​អាស៊ាន

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​គណៈកម្មាធិការ​នយោបាយ​អន្តរ​សភា​អាស៊ាន​ពិភាក្សា​គ្នា​លើ​សេចក្តីសម្រេចសេចក្ដីសម្រេច​ស្ដី​ពី​ការទូត​សភា​សម្រាប់​សន្តិភាព និង​សន្តិសុខ​ប្រកបដោយ​ចីរភាព​ក្នុង​តំបន់​អាស៊ាន ។

លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​បាន​ដឹកនាំ​ប្រតិភូ​គណៈកម្មាធិការ​នយោបាយ​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​នយោបាយ​អន្តរ​សភា​អាស៊ាន​អាយ​ប៉ា តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ ក្នុង​ឱកាស​នៃ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (​អាយ​ប៉ា​) លើក​ទី ៤១ ដែល​សភា​ប្រទេស​វៀតណាម​ធ្វើ​ជា​ម្ចាស់ផ្ទះ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២០​នៅ​វិមាន​រដ្ឋសភា​។

ក្នុង​កិច្ចប្រជុំ​លោក​ឈាង វុន បាន​ផ្ដល់​បទ​អន្តរាគមន៍​ទៅ​កាន់​កិច្ចប្រជុំ​នា​ពេល​នេះ ដោយ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ពី​ការ​គំរាមកំហែង​នៃ​ជម្ងឺ​រាតត្បាត​សកល​កូ​វី​ដ​១៩ និង​ការ​កើនឡើង​នៃ​និន្នាការ​ឯកតោភាគី​និយម ការ​គាំពារ​និយម សង្គ្រាម​ពាណិជ្ជកម្ម ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ ដែល​កំពុង​គំរាមកំហែង​ដល់​សណ្ដាប់ធ្នាប់​អន្តរជាតិ ទន្ទឹម​គ្នា​នឹង​បញ្ហា​ប្រឈម​ដែល​មាន​ស្រាប់​ក៏​នៅ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​ដូច​ជា ការ​ប្រែប្រួល​អាកាសធាតុ បញ្ហា​សន្តិសុខ​ទឹក ស្បៀង ជម្លោះ​ហិង្សា ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត អន្តោប្រវេសន៍​ខុសច្បាប់ និង​ភាព​ក្រីក្រ​ជាដើម ។

លោក​លើក​ឡើង​ទៀត​ថា បញ្ហា​ស្មុ​គ្រ​ស្មាញ​ទាំង​អស់នេះ គឺជា​ឧបសគ្គ​ដល់​ការ​រក្សា​សន្តិភាព សន្តិសុខ​ប្រកបដោយ​ចីរភាព ដែល​ត្រូវការ​ការ​យកចិត្តទុកដាក់ និង​ចូលរួម​ដោះស្រាយ​ពី​គ្រប់​ប្រទេស និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ។ នៅ​ក្នុង​បរិបទ​នេះ អង្គការនីតិប្បញ្ញត្តិ និង​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​អន្តរ​សភា​អាស៊ាន គឺជា​តួអង្គ​សំខាន់​តាម​រយៈ​ការទូត​សភា ដើម្បី​លើកកម្ពស់​សន្តិភាព សន្តិសុខ របស់​តំបន់​ក៏​ដូច​ជា ពិភពលោក ។

លោក​ឈាង វុន បាន​បញ្ជាក់​ថា ៖«​សភា​កម្ពុជា​សូម​គាំទ្រ និង​ជំរុញ​ការ​បន្ត​កិច្ច​សន្ទនា​កសាង​ទំនុកចិត្ត ស្វែង​យល់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ទស្សនៈ បទ​ពិសោធន៍ និង​ការ​អនុវត្ត​ល្អ​ៗ ។ បន្ថែម​លើ​នេះ យើង​ត្រូវ​តែ​ជំរុញ​តួនាទី​របស់​ការទូត​សភា ឲ្យ​កាន់តែ​ពាក់ព័ន្ធ និង​សកម្ម ដើម្បី​គាំទ្រ​ប្រព័ន្ធ​អន្តរជាតិ​ផ្អែក​លើ​គោលការណ៍​ច្បាប់​ជាតិ និង​អន្តរជាតិ ស្រប​តាម​គោលការណ៍​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ តាម​រយៈ​ការ​ប្រើ​មធ្យោបាយ​សន្តិវិធី​ក្នុង​ការ​ដោះស្រាយ​ជម្លោះ ឬ​ការ​មិន​ចុះសម្រុង​គ្នា​នៅ​ក្នុង​តំបន់​» ។

លោក​បន្ថែម​ថា កម្ពុជា​បាន​ធ្វើការ​កែសម្រួល​ខ្លឹមសារ​មួយ​ចំនួន​លើ​សេចក្ដី​ព្រាង​សេចក្ដីសម្រេច​របស់​គណៈកម្មាធិការ​នយោបាយ​អាយ​ប៉ា ដោយ​បាន​ផ្ដោត​សារៈសំខាន់​យ៉ាង​ខ្លាំង​លើ​ការ​រក្សា និង​លើកកម្ពស់​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់​អាស៊ាន ។ ចំណែក​នៅ​ក្នុង​បទ​អន្តរាគមន៍​របស់​គណៈប្រតិភូ​សភា​ប្រទេស​អាស៊ាន​ផ្សេង​ៗ​ទៀត​ក៏​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ការទូត​សភា និង​ការ​ប្រើ​មធ្យោបាយ​សន្តិវិធី​ក្នុង​ការ​ដោះស្រាយ​ជម្លោះ ឬ​ការ​មិន​ចុះសម្រុង​គ្នា​នៅ​ក្នុង​តំបន់​សម្រាប់​សន្តិភាព និង​សន្តិសុខ​ប្រកបដោយ​ចីរភាព​ក្នុង​តំបន់​អាស៊ាន​នេះ ។

សូម​ជម្រាប​ថា សមាសភាព​គណៈប្រតិភូ​គណៈកម្មាធិការ​នយោបាយ​អាយ​ប៉ាក​ម្ពុ​ជា ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន លោក​ជំទាវ បាន ស្រី​មុំ អនុប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា លោក​គិ​ន ណែ​ត សមាជិក​ព្រឹទ្ធសភា លោ​លស​ន សា​រ៉ា​ណា សមាជិក​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា លោក ងួ​ន សុ​ជាតិ សមាជិក​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ឯកឧត្ដម យឹ​ម លាត សមាជិក​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា និង​លោក ឡេ​ង  ប៉េង​ឡុ​ង អគ្គលេខាធិការ​រដ្ឋសភា ព្រមទាំង​មន្ត្រី​ជំនាញ​៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9674454