ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ឲ្យអ្នករាយការណ៍ពិសេស UN គោរពក្រមសីលធម៌ និងសៀវភៅណែនាំ របស់អ្នកកាន់អាណត្តិនៃនីតិវិធី
(ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានប្រកាស ជំរុញឲ្យអ្នករាយការណ៍ពិសេស គោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ និងសៀវភៅណែនាំ ស្តីពី ប្រតិបត្តិការរបស់អ្នកកាន់អាណត្តិនៃនីតិវិធីពិសេស។
ក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ លើកឡើងថា ទស្សនៈផ្ទាល់ខ្លួនរបស់លោកស្រី Rhona Smith អ្នករាយការណ៍ពិសេស ស្តីពី ស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ នៅប្រទេសកម្ពុជា ដែលសំដៅការពារពលរដ្ឋគោរពច្បាប់ និងធានាសន្តិភាពសណ្តាប់ធ្នាប់សង្គម និងសុខភាពសាធារណៈ សម្រាប់បុគ្គលគ្រប់រូប គឺបានរំខានដល់ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ។
សេចក្តីប្រកាស កត់សម្គាល់ថា អ្នករាយការណ៍ពិសេស ពុំធ្លាប់ដែលបានសង្កត់ធ្ងន់ឲ្យបានគ្រប់គ្រាន់ទាល់តែសោះថា ការអនុវត្តសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្តុំដោយសន្តិវិធី ត្រូវភ្ជាប់មកជាមួយនូវករណីយកិច្ច ការទទួលខុសត្រូវពិសេស និងដែនកំណត់ចែងដោយច្បាប់ ដូចបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ជាសាកល ស្តីពី សិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិពលរដ្ឋ និងនយោបាយ។
សេចក្តីប្រកាស បញ្ជាក់ថា «ការខកខានមិនបានបញ្ជាក់ឲ្យបានច្បាស់ដោយចេតនា មិនត្រឹមតែបង្កឲ្យសាធារណជន មានការភ័ន្តច្រលំប៉ុណ្ណោះទេ គឺថែមទាំងផ្តល់កម្លាំងចិត្តឲ្យក្រុមខ្លះ ដែលបានត្រៀមខ្លួនជាស្រេច ក្នុងការកេងចំណេញពីស្ថានភាពបែបនេះ សម្រាប់របៀបវារៈលាក់កំបាំងរបស់ពួកគេ»។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ក៏បានបន្ថែមថា «ក្នុងការអនុវត្តតួនាទីប្រកបដោយសត្យានុម័ត និងវិជ្ជាជីវៈ អ្នករាយការណ៍ពិសេសមានកាតព្វកិច្ច គោរពឲ្យបានខ្ជាប់ខ្ជួនតាម «ក្រមសីលធម៌ សម្រាប់អ្នកកាន់អាណត្តិនៃនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស» ( ពិសេសមាត្រា ៣ មាត្រា ៦ និងមាត្រា ១៤ ) និង «សៀវភៅណែនាំ ស្តីពី ប្រតិបត្តិការនៃនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស» ( ជាពិសេស កថាខណ្ឌ ២៤ និង ៥០ ) ដែលចែងអំពី គោលការណ៍ទូទៅ សម្រាប់ការអនុវត្តតួនាទីខាងលើ សារៈសំខាន់នៃការប្រមូលព័ត៌មាន ដែលបានផ្ទៀងផ្ទាត់ត្រឹមត្រូវជាមួយគ្រប់ប្រភព និងនីតិវិធី សម្រាប់ការទាក់ទងជាមួយរដ្ឋាភិបាល»៕