៣ចំណុចលោកស្រី រ៉ូណាស្មីតសរបញ្ជាក់ពីការគាំទ្រចំពោះរាជរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ឯកឧត្តមជិន ម៉ាលីន បានបញ្ជាក់ថាសារចំណុច៣របស់ លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិសរបញ្ជាក់ពីការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តច្បាប់នៅកម្ពុជា ។
នកនាំពាក្យក្រសួងយុត្តិធម៌បានសរសេរលើបណ្តាញសង្គម កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ថា បីចំណុចអំពីសាររបស់លោកស្រី Rhona Smith ៖ ១. វាជារឿងធម្មតាដែលលោកស្រី Rhona Smith លើកឡើងពីក្តីបារម្ភពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅពេលដែលលោកស្រីទទួលបាននូវរបាយការណ៍ក៏ដូចជា ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងករណីនេះទោះបីជារបាយការណ៍ និងព័ត៌មានទាំងនោះផ្តល់ដោយប្រភព និងក្រុមដែលមាននិន្នាការនយោបាយយ៉ាងណាក៏ដោយ ព្រោះវាជាកាតព្វកិច្ច និងអណត្តិរបស់លោកស្រីក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ។
២. សាររបស់លោកស្រីមិនបានចោទប្រកាន់វិធានការច្បាប់របស់ សមត្ថកិច្ចថាជាការរំលោភ បំពានសិទ្ធិមនុស្សនោះទេ គឺគ្រាន់តែលើកពីគោលការណ៍ទូទៅនៃសិទ្ធិមនុស្សដែល រដ្ឋាភិបាលមានកាតព្វកិច្ចគោរព ការពារ និងបំពេញ ដើម្បីធានាថាពលរដ្ឋអាចអនុវត្តសិទ្ធិរបស់ខ្លួនបានដោយសេរី និងក្នុងក្របខណ្ឌច្បាប់ ហើយដែលរដ្ឋាភិបាលបាន និងកំពុងប្រកាន់យក និងអនុវត្តយ៉ាងភ្ជាប់ភ្ជួនតាមរយៈយន្តការនៃការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ នាពេលកន្លងមក ។
និង៣. ការដែលលោកស្រីជំរុញឱ្យសមត្ថកិច្ចបញ្ជូនជនល្មើសទៅតុលាការ សរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា លោកស្រីគាំទ្រ និងយល់ច្បាស់នូវវិធានការច្បាប់របស់រដ្ឋាភិបាលចំពោះអ្នកដែលអនុវត្តសិទ្ធិដោយបំពាន និងឈានទៅការប្រព្រឹត្តបទល្មើស ដែលជនជាប់ចោទត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ និងត្រូវចូលរួមក្នុងដំណើរការនីតិ វិធីតុលាការ ដើម្បីធ្វើការការពារខ្លួនតតាំងជាមួយសមត្ថកិច្ចដែលមានមូលដ្ឋានច្បាប់រឹងមាំ និងច្បាស់លាស់ក្នុងការចោទប្រកាន់ ហើយដែលនេះជាមធ្យោបាយស្របច្បាប់តែមួយគត់ ក្នុងការការពារជនជាប់ចោទនៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ ជាជាងការជួបជុំ តវ៉ាបែបអនាធិបតេយ្យដាក់សម្ពាធន៍ដល់រដ្ឋាភិបាល និងស្ថាប័នតុលាការដែលជាស្ថាប័នឯករាជ្យឱ្យធ្វើការដោះលែង ឬទម្លាក់ចោលបទចោទទាំងបំពានច្បាប់ រដ្ឋធម្មនុញ្ញគោលការណ៍ប្រជាធិបតេយ្យនីតិរដ្ឋ និងការបែងចែកអំណាច៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព