ខេត្តកំពត៖ រថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿងបានបើកបុករះទាំងព្រឹកព្រលឹម នៅផ្សារលក់ដូរមួយកន្លែង បណ្ដាលអោយមានមនុស្សម្នាក់បានបាត់បង់ជីវិត នៅក្រោមរថយន្តនិងរថយន្ត3គ្រឿងទៀតរងការខូចខាត ។ គ្រោះថ្នាក់ចរាចរណ៍បង្កហេតុដោយរថយន្តដឹកសុីម៉ង់ត៍ ម៉ាកយីហានដាយ(ខ្លាពំឬកាច់ចង្កះ) វេលាម៉ោង៧ព្រឹកថ្ងៃទី០៩ កញ្ញា នៅលើកំណាត់ផ្លូវជាតិលេខ៣១ ត្រង់ចំណុច«ផ្សារត្រាំសសរ» ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។
លោកលឹម លី មន្ត្រីនគរបាលសណ្ដាប់ធ្នាប់ស្រុកបន្ទាយមាសបាននិយាយប្រាប់អោយដឹងថា រថយន្តដឹកសុីម៉ងមួយគ្រឿងនោះ បើកក្នុងទិសដៅពីត្បូងទៅជើងប៉ុន្តែពេលដែលបើកមកដល់ចំណុចផ្សារត្រាំសសរស្រាប់តែរ៉េចង្កូតទៅបុករះក្បែរជញ្ចើមផ្លូវថ្នល់ក្បែរខាងលិចវិញ បណ្ដាលអោយស្លាប់ស្ត្រីម្នាក់ឈ្មោះសេង សុខុម អាយុ៦៧ឆាំ្ន នៅភូមិត្រាំសសរ និងម៉ូតូចំនួន3គ្រឿងទៀត បានជាប់នៅក្រោមរថយន្ត-ហើយរថយន្តនោះបានបន្តបុករថយន្តចំនួន3គ្រឿងទៀត។
ទោះបីជាបុករះហើយ រថយន្តបង្កមិនបានឈប់នៅនិងកន្លែងទេ បានបើកអូសម៉ូតូចំនូន2គ្រឿង និងជនរងគ្រោះនិងរថយន្តម៉ាកកាមរី ក្បែរចិញ្ចឹមផ្លូវ ទៅកើតវិញទៅទើរនៅផ្លូវចូលខ្លោងទ្វារវត្តគាថាវង្យ ។ លោកលឹមលីបាននិយាយប្រាប់អោយដឹងថា បន្ទាប់ពីរថយន្តបានទៅគល់ជាប់នៅមុខខ្លោងទ្វារទៅមុខលែងរួច ទើបមានមនុស្ស2នាក់មានប្រុសម្នាក់ស្រីម្នាក់ បានថយចុះពីលើរថយន្ត-និងបុរសម្នាក់ទៀតព្យាយាមរត់ដែរ តែត្រូវបាននគរបាលចាប់ឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបន្ទាយមាស។
មិនបានប៉ុន្មានម៉ោង ខាងក្រុមហ៊ុនជាជនបទេសបានចេញមុខមកទទួលខុសត្រូវនិងសួរសុខដល់ប្រជាពលរដ្ឋដែលបានបាត់បង់ជីវិតក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរាចរនេះ។
ទោះជាបែបណា គេនៅមិនទាន់ដឹងពីមូលហេតុ មិនដឹងមកអ្នកបើកបរងងុយដេកឬក៏ស្រវឹងស្រាទេ ព្រោះរថយន្តនេះបានបើកទៅបុករះពីចិញ្ចឹមផ្លូវពីខាងលិច ហើយរេមកបុកពីខាងកើតវិញម្ដង ធ្វើអោយមនុស្សរាប់ទាំងអាជីវកលក់ដូរនៅផ្សារត្រាំសសរ រត់ប្រាស់យកអាយុរៀងៗខ្លួន។ ប៉ុន្តែគេបានសោកស្ដាយថា ស្ត្រីម្នាក់ដែលបានបាត់បង់ជីវិតនោះគឺគាត់មកទិញសណ្ដែក សម្រាប់ត្រៀមទុកវិចនុំក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព