រាជធានីភ្នំពេញ ៖ ផ្លូវលេខ៩៣ ជាផ្លូវដ៏មមារញឹកមួយនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌ
ឫស្សីកែវ តែផ្លូវនេះបានស្ទះលូលិចទឹកស្អុយជាប់ជាប្រចាំ ឱ្យតែមានភ្លៀងធ្លាក់ ។ ប៉ុន្តែ ទោះបីស្ថានភាពផ្លូវនេះដក់ទឹកមិនស្រកទៅណាក្តី ក៏គ្មានឃើញអាជ្ញាធរណាឈឺឆ្អាល ក្នុងការស្ដារលូឬដាក់លូថ្មីឡើយ ទោះលូនៅទីនោះជាលូចាស់ហើយតូច និងមានតែមួយ ហើយដីហូរពីទីខ្ពស់ នាំឲ្យស្ទះលូទឹកស្អុយលែងហូរ ។
កន្លែងដែលលូស្ទះទឹកល្ហល្ហាចនោះមានតែមួយកង់ទេ ប្រវែងប្រហែលមិនដល់១០០ម៉ែត្រផង នៅចំណុចភូមិចុងខ្សាច់ ។ ទឹកដែលលិចផ្លូវនេះ បើកន្លែងទំនាបអាចមានជម្រៅដល់ជិតជង្កង់ពេលភ្លៀងធ្លាក់ខ្លាំង ហើយក្រោយភ្លៀងរាំងយូរបន្តិច គ្រាន់តែស្រកតិចតួចប៉ុណ្ណោះ ។
គួរឲ្យអាណិតអ្នករស់នៅម្តុំនោះណាស់ តែងនាំគ្នារៃលុយតាមការស្ម័គ្រចិត្តជួលគេបូម តែមិនបានប៉ុន្មានផង ក្រោយភ្លៀងធ្លាក់ខ្លាំងក៏ស្ទះជាថ្មីទៀត ។ កំណាត់ផ្លូវនេះបានខូចស្ទើរទាំងស្រុង និងរឹតតែបង្កការលំបាកទាំងអ្នកភូមិនៅទីនោះ ក៏ដូចជាអ្នកធ្វើដំណើរតាមយានជំនិះគ្រប់ប្រភេទ និងថ្មើរជើង ព្រោះត្រូវលុយទឹកស្អុយ ។
អាណិតតែក្មេងៗទេ ដែលពេលនេះសាលាបើកវិញហើយ ពិតជាត្រូវដើរកាត់ទឹកស្អុយទៅរៀនហើយ ។តាមប្រជាពលរដ្ឋរស់នៅតំបន់នោះនិយាយថា ផ្លូវលេខ៩៣ជាផ្លូវតាំងពីសម័យបារាំងមកម្លេ៉ះ ទោះបីជាផ្លូវមិនសូវធំក្តី ។ ផ្លូវនោះក៏ដូចជាផ្លូវទូទៅក្នុងក្រុងដែរ កាលពីមុនខូចអស់តែក្រោយការអំំពាវនាវរបស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ឲ្យពលរដ្ឋជួយធ្វើផ្លូវថ្នល់ឡើងវិញព្រោះយើងក្រតាមរយៈគោលនយោបាយ៥០បូក៥០ ផ្លូវលេខ៩៣មួយកំណាត់វែងចាប់ពីផ្សារតូចទៅដល់សាលាពញាក្រែកត្រូវបានសម្ដេចជួយចាក់បេតុងឲ្យ១០០% ។
ចំណែកផ្លូវនេះចាប់ពីសាលាពញាក្រែកទៅផ្លូវរថភ្លើង ប្រជាពលរដ្ឋបានចូលរួមកសាងតាមរូបមន្ត៥០បូក៥០ និងបានដាក់លូដោយខ្លួនឯង ។ ពេលនេះលូចាស់តូច ហើយធ្វើពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវផង មិនអាចធានាបាននាំឲ្យស្ទះទឹកលិចបែបនេះ ស្របពេលមានមនុស្សរស់នៅកាន់តែច្រើនកុះករ ។ពេលនេះមនុស្សកាន់តែច្រើន យានយន្តកាន់តែច្រើន ផ្លូវតូច លូក៏ស្ទះ ទឹកស្អុយក៏លិច តើប្រជាពលរដ្ឋនៅតំបន់នេះ និងអ្នកដំណើរឆ្លងកាត់ពិបាកបែបណា ?
គេតែងសរសើរផ្លូវនេះគ្រប់គ្នា ទោះមានចរាចរណ៍មមាញឹក ហើយមានរថយន្តដឹកដីធ្ងន់ៗបន្តកន្ទុយគ្នារាល់ថ្ងៃ គ្រាន់តែចាក់បេតុងមិនជាក្រាស់មានឆ្អឹងប្ញស្សីសោះ នៅជាប់រហូតដល់សព្វថ្ងៃ ។ ឥឡូវមួយកំណាត់ពីសាលាពញាក្រែកទៅផ្លូវរថភ្លើងត្រូវខូចមែនទែនហើយ សំខាន់មកពីទឹកលិចស្ទះលូជាប់ជាប្រចាំនារដូវវស្សានេះ ។ ប្រជាពលរដ្ឋបានទទូចស្នើដល់អាជ្ញាធរ សង្កាត់ ខណ្ឌ និងរាជធានី សូមចាប់អារម្មណ៍ជួយដោះស្រាយកំណាត់ផ្លូវលេខ៩៣នេះផង ព្រោះឮតែគម្រោង តែមិនឃើញធ្វើអ្វីសោះយូរឆ្នាំមកហើយ ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព