ខេត្តបន្ទាយមានជ័យ ៖ ពិតជាគួរឲ្យអាណិតណាស់ បើមើលតាមការរៀបរាប់លើគេហទំព័រនិងកាសែតថៃមួយ ដែលបានបង្ហោះ ឬផ្សាយថា ពលករខ្មែរចំនួន៩នាក់ត្រូវសមត្ថកិច្ចចម្រុះថៃចាប់ខ្លួនតាមដងផ្លូវ ខណៈពេលកំពុងជិះតាក់ស៊ី ក្រោយពីដើរកាត់ព្រៃផង ជិះម៉ូតូឌុបផង ទម្រាំតែដល់គោលដៅ រួចចង់ជិះរថយន្តតាក់ស៊ីទៅហើយ ប៉ុន្តែទីបំផុតនៅតែត្រូវគេចាប់ខ្លួនបានដដែល។
ករណីឃាត់រថយន្តតាក់ស៊ី២គ្រឿង និងឃាត់បានពលករខ្មែរ៩នាក់ខាងលើនេះ បានកើតឡើងកាលពីម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។
ពាក់ព័ន្ធករណីខាងលើនេះ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណពលករខ្មែរទាំង៩នាក់នៅឡើយទេ គ្រាន់តែដឹងថា ក្នុងនោះមានប្រុស៥នាក់ និងស្រីចំនួន៤នាក់ ។
ហើយពេលសាកសួរនោះ ក្រុមពលករខ្មែរទាំង៩នាក់បានប្រាប់សមត្ថកិច្ចថៃថា មុនពេលឡើងជិះរថយន្តតាក់ស៊ីនោះ គឺត្រូវចំណាយប្រាក់២ដងរួចមកហើយ ដោយលើកទី១ ចំណាយម្នាក់៩០០បាតឲ្យមេខ្យល់ខ្មែរនាំដើរកាត់ព្រៃពីព្រំដែនចូលទឹកដីថៃ លុះលើកទី២ គឺជិះម៉ូតូឌុបរបស់ថៃ ដោយចំណាយម្នាក់៥០០បាត និងលើកទី៣ ចំណាយម្នាក់១៨០០បាតទៀត លើរថយន្តតាក់ស៊ី សរុបទាំងអស់៣២០០បាត ក្នុងគោលដៅទៅរកការងារធ្វើនៅខេត្តនគររាជសីមា និងខេត្តសមុទ្រប្រាកាន តែមិនទាន់ទាំងទៅដល់ផង ក៏ត្រូវគេចាប់ខ្លួនទាំងអស់គ្នា រួមទាំងអ្នកបើកបររថយន្តស្លាកលេខថៃ និងជាជនជាតិថៃប្រុស២នាក់ទៀតផង។ក្រោយពេលចាប់ខ្លួន ទាំងពលករខ្មែរ ទាំងបុរសជនជាតិថៃ ត្រូវបានគេបញ្ជូនទៅស្ថានីយតម្រួតស្រុកតាប្រាយ៉ា ដើម្បីធ្វើកាសាសួរ និងចាត់ការបន្តទៀត៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព