រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានឈឺពោះសម្រាលកូនតែម្នាក់ឯងនៅតាមចិញ្ចើមផ្លូវ បន្ទាប់ពីបានលែងលះជាមួយប្តីទាំងខ្លួនកំពុងពពោះកូនក្នុងផ្ទៃ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៣និង១០នាទីទៀបភ្លឺថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នៅខាងមុខហាងលក់ទូរស័ព្ទដៃ ចំណុចកែងរវាងមហាវិថីម៉ៅសេទុងនិងផ្លូវលេខ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។
ប្រភពព័ត៌មានពីបុរសម្នាក់ជាសន្តិសុខយាមនៅក្បែរចំណុចខាងលើ បានឲ្យដឹងថា គាត់ឃើញស្ត្រីរូបនេះដើរមកដេកនៅខាងមុខសំយាបហាងលក់ទូរស័ព្ទដៃនេះចំនួន២យប់មកហើយ ដោយមានស្ពាយកាបូបមួយជាប់នឹងខ្លួនផង តែមិនឃើញមានប្តីឬសាច់ញាតិណាម្នាក់មកដេកជាមួយទេ ហាក់ដូចជាជនអនាថាដែលគ្មានទីពឹង ។
លុះនៅវេលាម៉ោងជាង៣ទៀបភ្លឺនោះគាត់ឮសំឡេងស្ត្រីរូបនេះស្រែកថ្ងូរ ហាក់ដូចជាឈឺពោះសម្រាលកូន តែដោយនៅកន្លែងនោះស្ងាត់ ទើបមិនមានអ្នកទៅជួយមើល ។
មួយសន្ទុះក្រោយមក គាត់បានដើរទៅមើលស្រាប់តែឃើញស្ត្រីរូបនេះសម្រាលកូនតែម្នាក់ឯងបាត់ទៅហើយ គឺសម្រាលបានទារកម្នាក់ តែនៅមិនទាន់បានកាត់ទងផ្ចិតឲ្យបានត្រឹមត្រូវនៅឡើយទេ ។ ភ្លាមៗនោះ គាត់បានស្រែកប្រាប់អ្នកធ្វើដំណើរកាត់តាមទីនោះឲ្យមកជួយផង និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ។
បើតាមស្ត្រីសម្រាលកូននេះថា គាត់ឈ្មោះ ចាន់ ដាវី អាយុ២៩ឆ្នាំ ជាជនអនាថា គ្មានទីពឹងនោះទេ ។ កាលពីមុនមានប្តីនិងមានកូនចំនួន២នាក់រួចមកហើយ ប៉ុន្ដែពេលដែលនាងកំពុងពពោះកូនក្នុងផ្ទៃមួយទៀត ដែលជាកូនទី៣ ប្តីនាងក៏បានបែកបាក់លែងលះគ្នាទៅ ។
ចំណែកកូនៗទាំង២នាក់នោះ បានទៅនៅជាមួយនឹងប្តីរបស់នាង ។ រីឯរូបនាងក៏ធ្លាក់ខ្លួនក្លាយជាជនអនាថាដើរដេកតែតាមសំយាបផ្ទះគេ ទាំងកំពុងពពោះកូននៅក្នុងផ្ទៃគ្រប់ខែទៅហើយ ។បន្តិចក្រោយមក សមត្ថកិច្ចមូលដ្ឋានបានទាក់ទងហៅរថយន្តសាមុយរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឲ្យមកដឹកស្ត្រីរូបនេះទៅសង្គ្រោះភ្លាមៗ ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព