ពលរដ្ឋនៅក្រោមស្ពានស្ទឹងមានជ័យ នឹងត្រូវប្ដូរទៅរស់នៅលើដីកម្មសិទ្ធិស្របច្បាប់វិញនៅចុងខែកក្កដា
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅប្រឡាយស្ទឹងមានជ័យ ដែលបានរើទៅរស់នៅបណ្តោះអាសន្ននៅក្រោមស្ពានអាកាសស្ទឹងមានជ័យ នឹងត្រូវប្ដូរទៅរស់នៅលើដីកម្មសិទ្ធិស្របច្បាប់តាមបណ្តោយប្រឡាយស្ទឹងមានជ័យវិញនៅចុងខែកក្កដានេះ ខណៈដែរការដ្ឋានស្ថាបនាប្រឡាយ និងផ្លូវអមប្រឡាយស្ទឹងមានជ័យនឹងរួចរាល់ឆាប់ៗនេះ ។
ក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍នៃការសិក្សាទិន្នន័យមូលដ្ឋាននៃសហគមន៍នៅតាមប្រឡាយស្ទឹងមានជ័យនិងការរៀបចំយុទ្ធសាស្ត្រស្វែងរកការគាំទ្រមតិលើវិស័យរៀបចំផែនការនគររូបបនីយកម្មនឹងការគ្រប់គ្រងដីធ្លីនាព្រឹកថ្ងៃទី ១៣ខែកក្កដា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា
បើគិតមកដល់ពេលនេះការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ បានជិតឈានដល់ទីបញ្ចប់ហើយ គឺនៅក្នុងបំណាច់ខែកក្កដា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋដែលត្រូវបាន ឲ្យទៅស្នាក់នៅក្រោមស្ពានស្ទឹងមានជ័យជាបណ្ដោះអាសន្ននោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ជូនឲ្យពួកគាត់មករស់នៅលើដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានប្រទានកម្មឲ្យពួកគាត់នៅដីមួយឡូត៍ម្នាក់នៅតាមបណ្ដោយប្រឡាយបឹងស្ទឹងមានជ័យនេះ៕ ត្នោត