ភ្នំពេញ ៖ ទុក្ខជាន់លើទុក្ខ យុវតីម្នាក់ខណៈដែលកំពុងធ្វើបុណ្យសពជូនម្តាយ ឆ្លៀតជិះម៉ូតូឌុបបងស្រីទៅរោងចក្រ វិលមកវិញជាអកុសលកើតមានអាការៈងងឹតមុខរេចង្កូតជ្រុលទៅបុកពីក្រោយម៉ូតូកង់បីដែលឈប់ចតនៅចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងស្តាំ កាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះ ឈ្នះ ចំណុចភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ យុវតីរងគ្រោះ ឈ្មោះសេង ប៊ុនឡុង ភេទស្រីអាយុ១៦ឆ្នាំ មានទីលំនៅ ភូមិត្រពាំងអញ្ចាញ១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រងរបួសធ្ងន់បាក់ជើងស្តាំ
តាមក្រុមគ្រួសារ បានឲ្យដឹងថា ខណៈដែលក្រុមគ្រួសារកំពុងមានទុក្ខជាទម្ងន់ ដោយម្តាយរបស់ជនរងគ្រោះបានធ្វើមរណៈកាល ហើយក៏កំពុងធ្វើបុណ្យផងដែរ ស្រាប់តែនៅព្រឹកថ្ងៃទី១៣ ខែកក្កដា នេះយុវតីរងគ្រោះ បានជិះម៉ូតូ ម៉ាកធូដេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HR-6281 ឌុបបងស្រីទៅរោងចក្រ លុះវិលត្រឡប់មកវិញ ធ្វើដំណើរតាមមហាវិថីឈ្នះ ឈ្នះ ពីជើងទៅត្បូង លឿនប្រញាប់ទៅផ្ទះវិញ ជាអកុសល ទើបធ្វើដំណើរដល់ចំណុចខាងលើ ជនរងគ្រោះជួបនូវអាការៈងងឹតវិលមុខ ទើបរេចង្កូតធ្លាក់ទៅចិញ្ចើម ជ្រុលទៅបុកពីក្រោយម៉ូតូកង់បី ដែលចតឈប់ស្ងៀម ម្ចាស់ចុះបត់ជើងតូច បណ្តាលឲ្យយុវតីរងរបួសធ្ងន់បាក់ជើងស្តាំ ។
ក្រោយកើតហេតុ ភាគីខាងម៉ូតូកង់បី ជួយលើក ទំនាក់ទំនងទៅក្រុមគ្រួសារ ហើយជនរងគ្រោះប្រាប់ថា ឲ្យម៉ូតូកង់បីទៅចុះ មិនប្តឹងផ្តស់អ្វីទេ មកពីគាត់ងងឹតវិលមុខ ទើបរេចង្កូតទៅបុកពីក្រោយម៉ូតូកង់បី កុំយកទោសពៃគេ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅពេទ្យ ចំណែកម៉ូតូធូដេ រងខ្ទេចមួយកំណាត់មុខ ក្រុមគ្រួសារយកទៅជួសជុលដោយខ្លួនឯង ៕ ផេង ភាព