អាជ្ញាធរខេត្តព្រះសីហនុ បានអំពាវនាវឱ្យប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ រួមទាំងក្រុមការងារធ្វើចត្តាឡីស័ក ត្រូវរួមគ្នាធ្វើយុទ្ធនាការប្រឆាំងជំងឺកូវីដ១៩ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរាលដាលវីរុសកូវីដ១៩ ពីក្រៅប្រទេស។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ។
លោកអភិបាលបានបញ្ជាក់ថា “មិនលើកលែងចំពោះជនបរទេសណាម្នាក់ ដែលចូលមកព្រះសីហនុក្នុងការយកសំណាកមកវិភាគ”។
ដើម្បីចូលរួមទប់ស្កាត់ គឺអ្នកពាក់ព័ន្ធត្រូវខិតខំបង្កើនសមត្ថភាព កំណើនការងាររបស់ក្រុមការងារចត្តាឡីស័ក និងអង្គភាពពាក់ព័ន្ធ។ “ចំពោះការយកសំណាកជនបរទេស ចូលមកខេត្តព្រះសីហនុមកវិភាគ ដើម្បីពិនិត្យរកមេរោគកូវីដ-១៩ គឺនឹងគ្មានការយោគយល់ជាដាច់ខាត។ យើងអាចជួយព្យាបាលជំងឺនេះ ក្នុងករណីរកឃើញមេរោគកូវីដ-១៩ តែមិនអនុញ្ញាតឱ្យលោកអ្នកនាំមេរោគនេះមកចំលងប្រជាពលរដ្ឋខ្ញុំឡើយ”។
គិតរហូតដល់ម៉ោង០៩:០០ព្រឹក ថ្ងៃទី១៣ កក្កដា ២០២០ ពុំទាន់រកឃើញករណីជំងឺកូវីដ-១៩ថ្មីទេ ដូច្នេះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១៥៦នាក់ បានព្យាបាលជាសះស្បើយ១៣៣នាក់ និងកំពុងសំរាកនៅពេទ្យចំនួន២៣នាក់គ្មានស្លាប់គ្មាន។ ដោយ៖ ត្នោត