រាជធានីភ្នំពេញ៖ សកម្មភាពដឹកជញ្ជូននៅក្នុងទេសកម្ពុជា ចាប់តាំងពីកូវីដ១៩ រាលដាលពេញបន្ទុកអំឡុងខែមីនា មេសា និងឧសភា បានធ្លាក់ចុះដល់ជិត៦០ភាគរយ ប៉ុន្តែមិនមានក្រុមហ៊ុនណាមួយបិទនៅឡើយទេ។
លោកស៊ិន ចន្ធីប្រធានសមាគមភស្តុភារកម្មកម្ពុជា បានឲ្យដឹងថា៖ ការមិនមានក្រុមហ៊ុនដឹកជញ្ជូនបិទដំណើរការ ព្រោះតែលក្ខន្តិកៈតម្រូវ ជាក់ស្ដែងក្រុមហ៊ុនទាំងនោះ បានទទួលការបញ្ជាសេវាកម្មពីក្រុមហ៊ុនដទៃអោយបញ្ជូនទំនិញមកកម្ពុជា ហើយការបញ្ជូនទំនិញខ្លះត្រូវបានធ្វើឡើងតាមរយៈផ្លូវទឹក និងប្រើពេលយូរ រហូតដល់រាប់ខែ អញ្ចឹងហើយក្រុមហ៊ុនដឹកជញ្ជូនទាំងនោះ ត្រូវការរង់ចាំទំនិញទាំងនោះមកដល់និងដឹកជញ្ជូនរួចរាល់សិនទើបអាចផ្អាកដំណើរការបាន ។
លោកបន្តទៀតថា រហូតមកដល់ខែ មិថុនា និងខែ កក្កដានេះ សកម្មភាពដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាក៏ឃើញថាមានការងើបឡើងវិញបន្តិច ដោយសារតែស្ថានភាពនៃជំងឺកូវីដ១៩ នៅបណ្ដាប្រទេសមួយចំនួន ដែលមានទំនាក់ទំនងពាណិជ្ជកម្មសំខានៗ ជាមួយកម្ពុជាមានភាពប្រសើរឡើងវិញ។ ជាក់ស្ដែងនៅប្រទេសចិន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ានមួយចំនួនលើកលែងតែប្រទេសសឹង្ហបុរី និងឥណ្ឌូនេស៊ី ។ នៅពេលប្រទេសទាំងនោះធូរស្រាលនូវជំងឺកូវីដ១៩ សកម្មភាព សេដ្ឋកិច្ច ពាណិជ្ជកម្មក្នុងប្រទេសទាំងនោះ ក៏ចាប់ផ្ដើមងើបហើយការបញ្ជូនទំនិញចេញចូលមកកម្ពុជា ក៏ចាប់ផ្ដើមកក្រើកឡើងវិញបន្តិចដូចគ្នាដែរ ។
រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ នៅលើពិភពលោក បានព្យាករណ៍ពីសេដ្ឋកិច្ចកម្ពុជា អាចនឹងធ្លាក់ចុះជាអវិជ្ជមានដោយសារតែរងឥទ្ធិពលអាក្រក់ពីជំងឺកូវីដ១៩ ក្នុងនោះ ស្ថាប័នខ្លះបានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះដល់ -២,៩ភាគរយនិងខ្លះទៀតថាអាចនឹងធ្លាក់ដល់-៥,៥ភាគរយ ខណៈកម្ពុជាខ្លួនឯងបានព្យាករណ៍ថានឹងធ្លាក់ចុះ-១,៩ភាគរយ ៕ ត្នោត