កំពង់ស្ពឺ ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេសជាតិរឹងមាំគឺផ្អែកទៅលើវិស័យការពារជាតិខ្លាំង ហើយវិស័យការពារជាតិខ្លាំង គឺដោយសារកងទ័ពយើងខ្លាំង។ នេះបើយោងតាមផេកក្រសួងព័ត៌មានចេញផ្សាយនាថ្ងៃទី១១ ខែកក្កដានេះ ។ក្នុងពិធីជួបសំណេះសំណាលជាមួយសិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យជំនាន់ទី២ បំពេញក្របខ័ណ្ឌឲ្យសាលាពលទាហានចំណុះយោធភូមិភាគ ឆ្នាំ២០២០ មូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែន ភ្នំធំម្រះព្រៅ នាព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។
លោក ហ៊ុន ម៉ាណែត លើកឡើងថា នាយទាហានជំនាន់មុនបានបន្សល់ទុកនូវស្នាដៃការពារជាតិ ដើម្បីបុព្វហេតុជាតិ មកដល់យើងសព្វថ្ងៃនេះ ដូច្នេះយើងត្រូវបន្តថែរក្សានូវកេរមរតកនេះទៅមុខទៀត ដោយឈរលើមូលដ្ឋាននៃស្មារតីឆន្ទៈ បទពិសោធន៍ ហើយបូកផ្សំជាមួយនឹងសមត្ថភាពជាក់ស្តែង។
លោក បានបន្ថែមថា ការហ្វឹកហ្វឺនពលទាហានឱ្យមានមូលដ្ឋានគ្រឹះច្បាស់លាស់ គឺជាកត្តាសំខាន់បំផុតដែលធ្វើឱ្យកងទ័ពរបស់យើងខ្លាំងហើយអាចការពារជាតិមាតុភូមិរបស់យើងបានយូរអង្វែងទៅមុខទៀត។ ការហ្វឹកហ្វឺនត្រូវផ្អែកលើកត្តាពីរ ទីមួយគឺស្មារតីស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងទីពីរគឺកត្តាសមត្ថភាពដោយមានភាពម្ចាស់ការលើខ្លួនឯង។ នេះហើយជាស្មារតីជាតិនិយម ដើម្បីបង្កើននូវភាពជឿទុកចិត្តលើខ្លួនឯងនៅក្នុងការធានាម្ចាស់ការលើអនាគតរបស់យើង៕ ត្នោត