បដិមាតោក្នុងសណ្ឋានឈរក្រញាងមួយ អ្នកស្រុកកំពង់ធំស្គាល់ច្បាស់ជាងគេ ដែលត្រូវបានគេតម្កល់នៅចុងស្ពានថ្មក្នុងទីរួមខេត្ត។
តោបុរាណនេះត្រូវបានគេយកចេញមកពីប្រាសាទព្រះថ្កោល ឬមេបុណ្យ ឬក៏ព្រះបុណ្យដែលស្ថិតនៅចំកណ្ដាលបារាយណ៍បាកាន។ ប្រាសាទព្រះថ្កោលមានទីតាំងស្ថិតនៅ ភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ (អតីតដែនដីមួយផ្នែកនៃខេត្តកំពង់ធំពីមុន?)។
ប្រាសាទព្រះថ្កោល បើតាមសិលាចារឹកបញ្ជាក់ថាកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១នៅសតវត្សទី១១ និងសាងសង់បញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី៧ដូចទៅនឹងប្រាសាទព្រះខ័នកំពង់ស្វាយដែរ ដើម្បីឧទ្ទិសថ្វាយព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា។
ងាកមកនិយាយរឿងតោវិញ នៅក្នុងឆ្នាំ២០១២អាជ្ញាធរបានស្ទូចយកបដិមានេះទៅដាក់នៅសារមន្ទីរជាតិនៅរាជធានីភ្នំពេញដើម្បីអភិរក្សជួសជុល ហើយនៅក្នុងឆ្នាំ២០១៨ គេក៏យកទៅរក្សាទុកក្នុងសារមន្ទីរធម្មជាតិសម្ដេចតេជោ ស្ថិតក្នុងខេត្តព្រះវិហារ រហូតមក។
សព្វថ្ងៃនៅគល់ស្ពានកំពង់ធំអាជ្ញាធរបានតាំងរូបចម្លងតោថ្មីជំនួសវិញតែធ្វើឡើងពីថ្មដូចគ្នា ដើម្បីរម្លឹកអនុស្សាវរីយ៍ និងឲ្យប្រជាពលរដ្ឋគោរពបូជា។ តោថ្មព្រះថ្កោលបានធ្វើដំណើរយ៉ាងវែងឆ្ងាយចាប់តាំងពីពេលត្រូវចាកចេញពីប្រាសាទព្រះថ្កោល ទៅកំពង់ធំ រួចទៅសារមន្ទីរជាតិភ្នំពេញ និងចុងក្រោយនៅសារមន្ទីរធម្មជាតិសម្ដេចតេជោ ក្នុងខេត្តព្រះវិហារ៕
អត្ថបទ៖ WowCambodian