ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានឃាតក យកដងពូថៅញ៉ុកមាត់បណ្ដាលឲ្យស្លាប់ក្នុងខ្ទមបាក់បែកគួរឲ្យអាណោចអាធម រួចជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងខ្ទមសង់លេីដីឡូត៍ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
សពស្ត្រីរងគ្រោះខាងលេីមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដែលសមត្ថកិច្ចសន្និដ្ឋានថាមានវ័យប្រហែល២០ឆ្នាំ ស្នាក់អាស្រ័យជាមួយប្ដីក្នុងខ្ទមកំសត់ត្រង់ចំណុចកេីតហេតុ ដែលមានមុខរបប រេីសអេតចាយជាមួយគ្នា ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ដំបូងឡេីយមានប្រជាពលរដ្ឋរាយការណ៍ថា មានស្ត្រីម្នាក់បានដេកស្លាប់ក្នុងខ្ទម តែមិនដឹងជាករណីអ្វីនោះទេ ទេីបសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យមេីលឃេីញមានដកពូថៅនៅក្នុងមាត់ជនរងគ្រោះ និងមានស្នាមឈាមតិចតួចផងដែរ ទេីបរាយការណ៍ប្រាប់បន្តដល់សមត្ថកិច្ចជំនាញកោសល្យវិច័យខណ្ឌ សហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យក្រុង រួមទាំងគ្រូពេទ្យជំនាញចុះមកពិនិត្យ ។
ក្នុងការណ៍ខាងលេីនេះ មិនឃេីញបុរសជាប្ដីនៅកន្លែងកេីតហេតុនោះទេ ហេីយជនរងគ្រោះក៏គ្មានសាច់ញាតិផងដែរ ។
បន្ទាប់ពីមន្ត្រីជំនាញបានកោសល្យវិច័យលេីសពជាង២ម៉ោង ទេីបដឹងថា ជនរងគ្រោះត្រូវបាន ឃាតក យកដងពូថៅរុកមាត់ បណ្ដាលឲ្យស្លាប់ និងជំហ៊ានដំបូងសមត្ថកិច្ចបានដាក់ការសង្ស័យ គឺជាបុរសជាប្ដីជនរងគ្រោះតែម្ដង ។
ក្រោយមក សមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅខាងរថយន្តដឹកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដេីម្បីបូជាតាមប្រពៃណី ៕ ដោយ៖សួង សាម