ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២០ បានសម្រេច ចោទប្រកាន់លោក គង់ ខេមរា ចៅក្រមខេត្តកោះកុង ពីបទមនុស្សឃាតដោយអចេតនា លើករណីជិះរថយន្តដេញបុកចោរស្រីឆក់កាបូបម្នាក់ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។
លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ លើសំណុំ នេះ ហើយក៏សម្រេចចោទប្រកាន់ ដោយយោងទៅតាមនីតិវិធីច្បាប់។
ពាក់ព័ន្ធនឹងករណីនេះ នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះ ជនសង្ស័យនឹងត្រូវបន្តការសាកសួរ ពីចៅក្រមសាលាដំបូងរាជធានី ដើម្បីចោទប្រកាន់ជាផ្លូវការ។
សូមបញ្ជាក់ថា ស្ត្រីជាចោរដែលតែងខ្លួនជាប្រុស ត្រូវបានជនសង្ស័យ បើករថយន្តដេញតាមពីក្រោយ បណ្តាលឱ្យបុកដួលដេកស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ប្រមាណ២និង៤០នាទីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅខាងត្បូងហាងលក់បាយសុខហុក តាមផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
មុនពេលកើតហេតុ លោក គង់ ខេមរា ចៅក្រមខេត្តកោះកុង បានជិះរថយន្ត ទៅកាត់សក់នៅតាមផ្លូវលេខ១០១១ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅពេលគាត់ចុះពីលើរថយន្ត ស្រាប់តែស្រ្តីជាចោររូបនោះ បានធ្វើសកម្មភាពជិះម៉ូតូ ឆក់យកកាបូបជនសង្ស័យ ដែលកាន់ជាប់នឹងដៃ រួចជិះរត់គេចខ្លួន។ ជនសង្ស័យបានជិះរថយន្តដេញបុកពីក្រោយ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ៕ ដោយ៖ ត្នោត