ទីក្រុងPattaya៖ នៅស្រុក Mueang Chonburi មានបុរសម្នាក់ញៀនថ្នាំមេតាហ្វេតាមីនច្រើនហួសកម្រិតត្រូវបានគេចោទប្រកាន់ថាបានចាក់សម្លាប់ប្រពន្ធរបស់ខ្លួនដែលកំពុងដេកជាមួយកូន ហើយក្រោយមករូបគេថែមទាំងចាក់សម្លាប់ខ្លួនឯងទៀត។
នគរបាលស្រុក Mueang Chonburi បានទទួលដំណឹងអំពីឧប្បត្តិហេតុនេះនៅវេលាម៉ោង ១ និង ៣០នាទីរំលងអធ្រាត្រនៅផ្ទះមួយនៃឃុំ Baan Suan។ ប៉ូលិសនិងក្រុមសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុដើម្បីពិនិត្យទៅលើស្ត្រីម្នាក់ដែលជាជនរងគ្រោះមានឈ្មោះ Siriluck Janyoi បានរងរបួសត្រង់ក។ នាងបានប្រាប់ប៉ូលិសថា ជនសង្ស័យដែលជាប្តីឈ្មោះ Wichai Bupphabalo អាយុ ៣២ឆ្នាំ ប្រើប្រាស់ថ្នាំមេតាហ្វេតាមីនជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ លោកស្រី Siriluck បានប្រាប់ប៉ូលិសស្រុក Mueang Chonburi ថាអំឡុងពេលលោកស្រីកំពុងដេកជាមួយកូនៗ ជនល្មើសលោក Wichai បានវាយប្រហារនាងដោយចាក់មួយកាំបិតចំកញ្ចឹងក។ ជនរងគ្រោះព្យាយាមនាំកូនរត់ចេញ ហើយក្រោយមកបានស្រែកហៅរកជំនួយ។ ពេលប៉ូលិសទៅដល់ផ្ទះកើតហេតុ ជនល្មើសលោក Wichai បានលាក់ខ្លួននៅក្នុងផ្ទះព្រមទាំងមានកាំបិតនៅក្នុងដៃ។ ប៉ូលិសប្រើពេលជាងមួយម៉ោងទម្រាំធ្វើឱ្យជនល្មើសព្រមប្រគល់ខ្លួន។
ក្រោយពេលប្រគល់ខ្លួន ប៉ូលិសសង្កេតឃើញថាជនល្មើសមានស្នាមរបួសដែលរូបគេបានចាក់ខ្លួនឯងនៅលើទ្រូង។ ជនល្មើសត្រូវបានគេនាំទៅមន្ទីរពេទ្យក្នុងតំបន់ដើម្បីព្យាបាលរបួស។ ចំណែកឯជនរងគ្រោះជាប្រពន្ធវិញទោះបីជាត្រូវរបួសត្រង់កញ្ចឹងកក៏ដោយ គ្រូពេទ្យបាននិយាយថាមិនមានរបួសធ្ងន់ធ្ងរប៉ុន្មាននោះទេ ណាមួយក្រុមគ្រូពេទ្យបានរុំរបួសឱ្យភ្លាមៗនៅនឹងកន្លែងកើតហេតុរួចហើយ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news